(ភ្នំពេញ)៖ កម្មការិនីរោងចក្រម្នាក់បានយំសោកបោកខ្លួន ក្រោយពីចាញ់ល្បិចបោកក្រុមចោរទម្លាក់យោងអស់គ្រឿងអលង្ការ និងទូរស័ព្ទអស់ពីខ្លួន ជាថ្នូរនឹងខ្សែកកាឡៃ១ខ្សែ ព្រមទាំងកាបូបលុយ១ ដែលមានលុយនៅក្នុងនោះ ត្រឹមតែ១ម៉ឺនរៀលប៉ុណ្ណោះ។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ស្រ្តីរងគ្រោះឈ្មោះ បុត្រា ស៊ីវម៉ី អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិកើតហេតុ ដោយបាត់បង់ចិញ្ចៀនមាស២វង់ទម្ងន់៤ជី ខ្សែប្លាទីនតម្លៃ២៥០ដុល្លារ និងទូរស័ព្ទតម្លៃ៦០ម៉ឺនរៀល។ ចំណែកក្រុមចោរមានគ្នា៤នាក់ ប្រុស២នាក់ ស្រី២នាក់ និងជិះម៉ូតូ២គ្រឿង។

ស្ដ្រីរងគ្រោះបញ្ជាក់ថា នៅមុនពេលកើតហេតុ នាងបានដើរចេញពីផ្ទះជួលទៅធ្វើការរោងចក្រ លុះពេលទៅដល់ជិតផ្លូវជាតិលេខ៣ ប្រទះឃើញថង់មាស ពណ៌ក្រហម១ ព្រមទាំងកូនកាបូបលុយ១ នៅតាមផ្លូវដោយពុំដឹងថា នរណាជ្រុះឡើយ។

ពេលនោះនាងក៏បានរើសយកស្រាប់តែមានជនសង្ស័យ៤នាក់ទៅដល់ដែរ និងបានប្រាប់នាងថា ពួកគេបានស្គាល់ម្ចាស់កញ្ចប់មាស និងកាបូបលុយនោះ និងប្រាប់កុំឲ្យមាត់ចាំចែកគ្នា។ បន្ទាប់មកជនសង្ស័យនាំនាងចែកគ្នា នៅក្នុងព្រៃអាកាស្យាមួយកន្លែងស្ថិតនៅក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយមកក្រុមជនសង្ស័យ បានប្រគល់របស់ដែលនាងរើសបាននោះឲ្យនាងទាំងអស់ ហើយពួកគេបានដោះយកគ្រឿងអលង្ការពីខ្លួននាងទាំងអស់ ដោយប្រាប់ថារបស់ដែលនាងរើសបាននោះ ច្រើនជាងរបស់ដែលនៅជាប់ខ្លួននាង និងមិនបាច់ចែកគ្នានាំយូរខ្លាចម្ចាស់គេទៅទាន់។

ពេលនោះនាងក៏ព្រមដោយអត់បានដឹងថារបស់នាងរើសបាន គឺជាគ្រឿងអលង្ការកាឡៃនោះទេ ហើយក៏ស្មានថា​ នៅក្នុងកាបូបនោះមានលុយច្រើនដែរ។ ចំណែកជនសង្ស័យក្រោយដោះគ្រឿងអលង្ការពីនាងរួច ហើយក៏បាននាំគ្នាគេចខ្លួនបាត់អស់ បន្ទាប់មកនាងបានដើរត្រលប់ទៅផ្ទះវិញ ហើយបានបង្ហាញថង់មាសដល់ម្ដាយ ទើបដឹងថាកាឡៃ និងដឹងថាចាញ់បោកគេ។

ស្រ្តីជាម្ដាយបាននិយាយថា កូនស្រីគាត់បានកាន់ថង់មាសពណ៌ក្រហម និងកាបូបលុយទៅជួបគាត់នៅផ្ទះជួល ហើយប្រាប់គាត់ថានាងបានមាសធំណាស់ កុំមាត់ប្រាប់គេ ពេលនោះគាត់ក៏បានសួរវិញថា បានមាសធំ? ចុះមាសកូនឯងទៅណាអស់ហើយ?។ នាងបានឆ្លើយថា នាងបានដោះដូរជាមួយគេបាត់ហើយ ភ្លាមៗនោះម្ដាយ និងអ្នកជិតខាងពិនិត្យមើលឃើញថាកាឡៃ ហើយនៅក្នុងកាបូបមានលុយតែ១ម៉ឺនរៀលប៉ុណ្ណោះ ទើបដឹងថាចាញ់បោកគេ ហើយនាងបានយំននៀលដីនៅមុខបន្ទប់ជួល។

បន្ទាប់មកបានរាយការណ៍ជូននគរបាលឲ្យជួយស្រាវជ្រាវរកក្រុមជនសង្ស័យ ដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់៕