(ភ្នំពេញ)៖ ប្រតិភូជាសមាជិកពីជាង១៥ប្រទេស របស់អង្គការសភាយុវពាណិជ្ជករអន្តរជាតិ បានធ្វើដំណើរទស្សនកិច្ចទៅកាន់មន្ទីរពេទ្យកុមារអង្គរ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីលទ្ធភាពនានាក្នុងការកៀរគរថវិកា ជំនួយជួយដល់មន្ទីរពេទ្យ។

អង្គការសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ឬហៅកាត់ថា (JCI Cambodia) បានដឹកនាំគណៈប្រតិភូជាសមាជិកពីជាង១៥ប្រទេសនៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកធ្វើដំណើរទស្សនកិច្ចទៅមន្ទីរពេទ្យកុមារក្នុងខេត្តសៀមរាប ដើម្បីធ្វើការសិក្សាស្វែងយល់អំពីលទ្ធភាព និងកិច្ចសហការក្នុងការកៀរគរថវិកាបន្ថែម ដើម្បីជួយគាំទ្រដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យក្នុងការផ្តល់នូវការព្យាបាលជំងឺដល់កុមារកម្ពុជាដោយឥតគិតថ្លៃ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់។

លោក លី ឧត្តម ប្រធានថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាបានថ្លែងថា៖ «ដោយមើលឃើញពីបុព្វហេតុដ៏សំខាន់របស់មន្ទីរពេទ្យកុមារអង្គរ ក្នុងការជួយសង្រ្គាះអាយុជីវិតកុមារកម្ពុជារាប់សែននាក់ជារៀងរាល់ឆ្នាំ ដោយឥតគិតថ្លៃ ទើបយើងបានអញ្ជើញបណ្តាប្រទេសជាសមាជិកឱ្យមកសិក្សាស្វែងយល់បន្ថែមអំពីសកម្មភាព និងស្ថានភាពរបស់មន្ទីរពេទ្យ ក្នុងគោលបំណងឱ្យពួកគេមានគំនិតបង្កើតជាគម្រោង ឬកិច្ចសហការនានាក្នុងការកៀរគរការគាំទ្រ និងជំនួយជាថវិកា ដើម្បីជួយឱ្យប្រតិបត្តិការរបស់មន្ទីរពេទ្យកុមារអង្គរកាន់តែមាននិរន្តរភាព»

សកម្មភាពទស្សបកិច្ចនៅមន្ទីរពេទ្យរួមមាន ការស្វែងយល់បន្ថែមអំពីប្រតិបត្តិការរបស់មន្ទីរពេទ្យ និងចុះសួរសុខទុក្ខកុមារដែលមានជំងឺធ្ងន់ធ្ងរជាដើម។ គណៈប្រតិភូក៏បានធ្វើការសន្ទនាជាមួយអាណាព្យាបាល ដែលកូនរបស់ពួកគេមានជំងឺ មហារីកគ្រប់ឈាម និងបានសម្តែងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យក្នុងការជួយសង្គ្រោះជីវិតកុមារ និងធ្វើឱ្យស្ថានភាពរបស់ពួកគេប្រសើរឡើង។ ដំណើរទស្សនកិច្ចនេះ នឹងជាចំណុចចាប់ផ្តើមមួយក្នុងការផ្សារភ្ជាប់មន្ទីរពេទ្យកុមារអង្គរ ទៅនឹងម្ចាស់ជំនួយអន្តរជាតិ ក៏ដូចជាបណ្តាប្រទេសជាសមាជិកផ្សេងៗទៀត របស់អង្គការសភាយុវពាណិជ្ជករអន្តរជាតិដែលមានសក្តានុពល ហើយនេះនឹងក្លាយជាប្រភពជំនួយមួយបន្ថែមទៀតទៅដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីបន្តបេសសកម្មរបស់ខ្លួនក្នុងការសង្រ្គោះកុមារនៅកម្ពុជាជានិច្ចនិរន្តរតទៅ។

អ្នកស្រី ហូលី ស្មីត ប្រធានការិយាល័យរៃអង្គាសមូលនិធិនៃមន្ទីរពេទ្យកុមារអង្គរ បានគូសបញ្ជាក់ថា៖ «ពួកយើង ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលទទួលស្វាគមន៍ ប្រតិភូនៃសភាយុវពាណិជ្ជករអន្តរជាតិទាំងអស់ និងជាពិសេសសូមថ្លែងអំណរគុណដល់លោក លី ឧត្តម ជាប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ដែលបានដឹកនាំប្រតិភូទាំងអស់នេះ។ មន្ទីរពេទ្យកុមារអង្គរពឹងផ្អែកលើកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីសំណាក់អង្គភាពជាច្រើនទាំងក្នុងនិងក្រៅប្រទេស ដើម្បីរក្សានូវការផ្តល់សេវាសុខភាពដល់កុមារកម្ពុជា ហើយពួកយើងពិតជាមានកិត្តិយសបំផុតដែលប្រធាននៃសភាយុវពាណិជ្ជករអន្តរជាតិទាំងអស់នោះ បានឆ្លៀតឱកាសក្នុងអំឡុងពេលដ៏មមាញឹក មកធ្វើទស្សនកិច្ចមន្ទីរពេទ្យកុមារអង្គររបស់យើង ព្រមទាំងផ្តល់ឱកាសនូវការបង្កើតទំនាក់ទំនងសហការយ៉ាងច្រើនសម្រាប់មន្ទីរពេទ្យ»

គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងអំឡុងពេលមហាសន្និបាតប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកដែលបានរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ហើយដំណើរទស្សនកិច្ចនេះជាកម្មវិធីសំខាន់មួយក្នុងចំណាមកម្មវិធីសំខាន់ៗផ្សេងទៀតរបស់មហាសន្និបាតអំពីភាពវិជ្ជមានរបស់ JCI Cambodia មកលើសហគមន៍។ របាយការណ៍បង្ហាញថា ក្នុងរយៈពេលត្រឹមតែ៦ខែ ចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ មន្ទីរពេទ្យកុមារអង្គរបានផ្តល់ការគាំទ្រ និងព្យាបាលដល់កុមារកម្ពុជាប្រមាណជា ៦,០០០នាក់។

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ឬហៅកាត់ថា “JCI” គឺជាសមាជិកនៃសភាយុវពាណិជ្ជករអន្តរជាតិ ដែលជាអង្គការក្រៅរដ្ឋាភិបាលមិនស្វែងរកប្រាក់ចំណេញ និងបានបង្កើតនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០១០ ជាមួយបេសកកម្ម ដើម្បីផ្តល់ឱកាសអភិវឌ្ឍន៍ និងពង្រឹងសិទ្ធិអំណាចដល់យុវជនក្នុងការធ្វើឲ្យមានភាពផ្លាស់ប្តូរជាវិជ្ជមាន។ បច្ចុប្បន្ន JCI Cambodia មានសាខាចំនួន៦ ដែលមានសមាជិកប្រមាណជាង ៣០០នាក់ បណ្តាញសមាជិកជាង១ពាន់នាក់ និងប្អូនៗសិស្សនិស្សិតស្ម័គ្រចិត្តក្នុងគម្រោងជាច្រើនរយនាក់ផ្សេងទៀត។

មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពមិនស្វែងរកប្រាក់ចំណេញមួយនៅក្នុងតំបន់ខេត្តសៀមរាប បង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ដើម្បីផ្តល់នូវសេវាសុខភាព មានទាំងការពិនិត្យ ព្យាបាល ថែទាំសុខភាពទូទៅ និងឯកទេស ប្រកបដោយគុណភាព និងក្តីមេត្តាករុណា ដោយឥតគិតកម្រៃ ដល់កុមារកម្ពុជាប្រមាណជាង ២លាន ៥ សែនករណី៕