(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង លោក អ៉ីហ្គោរ៍ ទ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានចែករំលែកទស្សនៈអំពីបញ្ហាមីយ៉ាន់ម៉ា ដោយភាគីទាំងពីរ បានសម្ដែងការព្រួយបារម្ភចំពោះសភាពការណ៍កាន់តែស្មុគស្មាញ ជាពិសេសផ្នែកសេដ្ឋកិច្ច សង្គម។

ការសម្តែងការព្រួយបារម្ភជារួម បានធ្វើឡើងក្នុងឱកាសដែលសម្តេច អនុញ្ញាតឱ្យ លោកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា។

លើបញ្ហាមីយ៉ាន់ម៉ា សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឯកភាពគ្នាថា ត្រូវមានដំណោះស្រាយតាមរយៈការចរចាមួយ ដើម្បីឈានទៅបញ្ចប់ភាពទាល់ច្រកនៅមីយ៉ាន់ម៉ា។

សម្ដេចតេជោ បានប្តេជ្ញាចិត្តមិនបោះបង់ក្នុងការជួយដល់មីយ៉ាន់ម៉ាក្នុងដំណើរស្វែងរកសុខសន្តិភាពនោះឡើយ ដោយត្រូវមានការអំណត់អត់ធន់បន្តិច ដោយសារសភាពការណ៍នៅមីយ៉ាន់ម៉ា នៅតែលំបាកនិងស្មុគស្មាញ។

ឯកអគ្គរដ្ឋទូត បានកោតសរសើរ សម្ដេចតេជោ ក្នុងពេលដែលសម្ដេចជានាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ។ លោកបានកោតសរសើរសម្ដេចតេជោ និងកម្ពុជាដែលមានជំហរឯករាជ្យនៅលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងកោតសរសើរសម្ដេចក្នុងការប្រឹងប្រែងរកសុខសន្តិភាពនៅមីយ៉ាន់ម៉ាផងដែរ។

ក្នុងនាមលោកអគ្គរដ្ឋទូតជាប្រេសិតពិសេសសហភាពអឺរ៉ុបប្រចាំនៅមីយ៉ាន់ម៉ាដែរនោះ លោកបានបញ្ជាក់ពីការសារៈសំខាន់នៃគុណតម្លៃនានាដូចជា សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងលំហសេរីភាពបញ្ចេញមតិ សម្រាប់សហភាពអឺរ៉ុប និងពីការស្វែងរកដំណោះស្រាយដើម្បីនាំមីយ៉ាន់ម៉ាទៅរកប្រក្រតីភាពឡើងវិញ។

សម្តេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឯកភាពគ្នា និងបន្តការពិភាក្សាគ្នាតទៅទៀត តាមពេលវេលាសមស្របណាមួយនៅពេលខាងមុខ៕