(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារអាណត្តិទី៤ ត្រូវបានប្រកាសចូលកាន់តំណែងក្រោមអធិបតីភាពលោកស្រី មុំ ក្រសាល សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីប្រកាសនេះលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតមកទល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ អាណត្ដិទី៤នេះ ប្រទេសកម្ពុជាយើងបានរៀបចំការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងការបោះឆ្នោតសកល និងអសកលយ៉ាងទៀងទាត់ ស្របតាមរដ្ឋធម្មនុញ្ញច្បាប់បោះឆ្នោត សរុបចំនួន២០ដងរួចមកហើយ។
ការណ៍នេះបានបង្ហាញយ៉ាងច្បាស់អំពីការចាក់គ្រឹះយ៉ាងរឹងមាំនូវដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅក្នុងប្រទេសកម្ពុជាពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយព្រមទាំងបង្ហាញពីភាពចាស់ទុំខាងផ្នែកនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការដឹកនាំរដ្ឋ និងការចូលរួមគោរពច្បាប់របស់ប្រជាពលរដ្ឋ ព្រមទាំងគណបក្សនយោបាយទាំងអស់ផងដែរ ដែលធានារក្សាបាននូវសិ្ថរភាពនយោបាយ និងសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម ឱ្យមានការរីកចម្រើនសំដៅឆ្ពោះសម្រេចបាននូវចក្ខុវិស័យប្រែក្លាយឋានៈរបស់ប្រទេសកម្ពុជាពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០។

លោក ឃ្លាំង ហួត បានផ្ដល់នូវអនុសាសន៍ និងណែនាំដល់លោក-លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌជ្រោយចង្វារទាំងអស់ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន បម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លើសពីនេះទៀតលោក ឃ្លាំង​ ហួតបាន​ផ្ដាំផ្ញើណែនាំ២ចំណុច​បន្ថែមទៀតថា៖

*ចំណុចទី១៖ ត្រូវចូលរួមការពាររដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតពីប្រជាជន។
*ចំណុចទី២​៖ គាំទ្រដាច់ខាត​ នូវគម្រោងព្រែកជីកហ្វូណនតេជោ​ ដែលជាគម្រោងប្រវត្តិសាស្រ្ត​ក្រោមការផ្ដួចផ្ដើមពីសម្ដេចតេជោ​ ហ៊ុន​ សែន​ អតីតនាយរដ្ឋមន្រ្តី​ នៃកម្ពុជា​ និងដែលកំពុងបន្តអនុវត្តដោយ​សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​ នៃកម្ពុជា​៕