តុលាការចេញលិខិតឲ្យដំណឹងពី «សាលក្រមការដាក់ពន្ធនាគារលោក កឹម សុខា», កម្លាំងសមត្ថកិច្ចយកទៅបិទមុខផ្ទះលោក កឹម សុខា នៅមុននេះបន្តិច
16-09-2016 09:05
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានយកលិខិតឲ្យដំណឹងពីសាលក្រម អំពីការ «ផ្តន្ទាទោសដាក់ពន្ធនាគារលោក កឹម សុខា កំណត់០៥ខែ និងពិន័យប្រាក់៨០ម៉ឺនរៀល» ទៅបិទមុខផ្ទះលោក កឹម សុខា ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅលិខិតឲ្យដំណឹងនេះបានឲ្យដឹងថា៖ សម្រេចផ្តន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគារកំណត់០៥(ប្រាំ)ខែ និងពិន័យជាប្រាក់ចំនួន៨០០.០០០(ប្រាំបីសែ)រៀល ពីបទបដិសេធក្នុងការចូលខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ខែឧសភា ឆ្នាំ២០១៦ បទល្មើសដែលមានចែង និងឲ្យផ្តន្ទាទោសតាមមាត្រា ៥៣៨ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
សាម៉ីខ្លួន មានសិទ្ធិចូលមកប្តឹងឧទ្ធរណ៍ក្នុងរយៈពេល១ខែ គិតពីថ្ងៃទទួលបានលិខិតជូនដំណឹងនេះ៕