(កំពង់ឆ្នាំង)៖ ប្រជាការពារចំនួន៦៣៨នាក់ មកពី៩ឃុំ ក្នុងស្រុកកំពង់លែង កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ទទួលបានការបណ្ដុះបណ្ដានិងអប់រំពីអភិបាលស្រុកកំពង់លែង និងអធិការស្រុក ដែលបានពង្រឹងបន្ថែមអំពីតួនាទី ភារកិច្ចរបស់បងប្អូនប្រជាការពារក្នុងការការពារ និងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់ សំដៅថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត។

នៅក្នុងឱកាសនោះលោក ប៉ាល់ ជឿន អធិការស្រុកកំពង់លែង បានលើកឡើងថា កម្លាំងប្រជាការពារគឺជាកម្លាំងមួយបានរួមចំណែកដ៏សំខាន់បំផុតក្នុងការចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលក្នុងកិច្ច ការពារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពល រដ្ឋនៅក្នុងមូលដ្ឋាន គឺមានតែកម្លាំងប្រជាការពារទេ ដែលនៅជាប់ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋន ដឹងសុខ ដឹងទុក្ខ និងក្តាប់បាននូវរាល់ភាពអសន្តិសុខនា នានៅក្នុងមូលដ្ឋានជាប់ជាប្រចាំ។

លោកអធិការក៏បានណែនាំបន្ថែមដល់បងប្អូនប្រជាការពារ ត្រូវលើកកម្ពស់នូវស្មារតីទទួលខុសត្រូវក្នុងកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចរដ្ឋបាលឲ្យបានទាន់ពេលវេលាចំពោះករណីកើតមាននូវហេតុការណ៍អសន្តិសុខណាមួយ ក្នុងមូលដ្ឋាន ជាពិសេសត្រូវឃ្លាំមើលនូវរាល់សកម្មភាពល្បែងស៊ីសងនានា ការ ប្រើប្រាស់ និងចរាចរណ៍គ្រឿងញៀន និងក្មេងទំនើង គឺត្រូវបំបាត់ឱ្យបានជាដាច់ខាតដើម្បីភូមិឃុំមានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយ មិនមានការភ័យខ្លាច។

ក្នុងឱកាសនោះលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានក្រើនរំលឹកបន្ថែមដល់បងប្អូនប្រជាការពារមកពីតាមបណ្ដាមូលដ្ឋានក្នុងឃុំទាំង៩ របស់ស្រុកកំពង់លែង ដែលមានចំនួនជាង៦០០នាក់ បានមកចូលរួមប្រជុំពិភា ក្សាគ្នា។

ក្នុងនោះលោកអភិបាលស្រុកបានលើកឡើងថា ប្រជាការពារមានតួនាទីនិងភារកិច្ចសំខាន់ណាស់ក្នុងការចូលរួមកិច្ចការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ពិសេសការចូលរួមបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើង ល្បែងស៊ីសង ការប្រើប្រាស់ និងចរាចរណ៍គ្រឿងញៀនដោយត្រូវសហការជាមួយសមត្ថកិច្ចនគរបាលតាមបណ្ដាប៉ុស្តិ៍រដ្ឋបាលនៅក្នុងមូលដ្ឋានរបស់បងប្អូន និងជួយក្នុងកិច្ចការសង្គមជាច្រើនទៀតដូចជា ជួយពន្លត់អគ្គីភ័យ នៅពេលមានភ្លើងឆេះផ្ទះ ភ្លើងឆេះព្រៃ នឹងជួយប្រជាពលរដ្ឋរងគ្រោះធម្មជាតិផ្សេងៗដូចជា ទឹកជំនន់ ខ្យល់កន្ត្រាក់។ល។

ក្នុងករណីបើមានរលំផ្ទះ ត្រូវជួយជួសជុលផ្ទះសម្បែងជូនប្រជាពលរដ្ឋដែលមិនអាចខ្វះបងប្អូនប្រជាការពារយើងបានឡើយ។

លោកអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានបន្តទៀតថា ដោយអនុវត្តតាមផែនការរបស់ថ្នាក់ដឹកនាំខេត្ត រដ្ឋបាលឃុំទាំង អស់ត្រូវតែប្តេជ្ញាបង្ក្រាបក្រុមក្មេងទំនើង ល្បែងស៊ីសង ការប្រើប្រាស់និងចរាចរណ៍គ្រឿងញៀននៅក្នុងមូលដ្ឋានឲ្យបានជោគជ័យមួយរយភាគរយទើបប្រ ជាពលរដ្ឋយើងរស់នៅក្នុងសុខសន្តិភាព និងភាពសុខសាន្តដោយមិនមានការភ័យខ្លាច៕