(ឧត្តរមានជ័យ)៖ ក្រុមក្មេងទំនើងចំនួន៩នាក់ ត្រូវបានសាលាដំបូងខេត្តឧត្តរមានជ័យ ចេញដីកាឃុំខ្លួនពាក់ព័ន្ធនឹងករណីប៉ុនប៉ងឃាតកម្ម និងសមគំនិតក្នុងអំពើឃាតកម្ម។ ដោយឡែកក្មេងទំនើង៤នាក់ទៀត ដែលរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសបន្ត។

សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តឧត្តរមានជ័យ បានសម្រេចចោទប្រកាន់ក្រុមក្មេងទំនើងទាំង៩នាក់នេះ ពីបទប៉ុនប៉ងឃាតកម្ម និងសមគំនិតក្នុងអំពើឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្លូវលេខ២ ក្នុងភូមិគីរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

ក្រុមក្មេងទំនើងខាងលើនេះ បានយកកាំបិតខ្វែវ និងកាំបិតប៉័ងតោកាប់ជនរងគ្រោះម្នាក់បណ្តាលឱ្យរងរបួសជាទម្ងន់។ បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទខាងលើដើម្បីបន្តស៊ើបសួរតាមនិតិវិធីច្បាប់។

ចំពោះសកម្មភាពក្មេងទំនើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ តុលាការបាននិងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹងបំផុត៕