(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋ៤ឃុំ គឺឃុំណាំតៅ ឃុំភ្នំដី ឃុំប៉ោយចារ និងឃុំស្រះជីក នៃស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានឡើងមកស្នើរសុំមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ជួយបើកទ្វារទឹក ដើម្បីជួយសង្រ្គោះដំណាំស្រូវរដូវវស្សាឆ្នាំ២០២៤ ចំនួន៧.៨៩៦ហិកតា ដែលកំពុងប្រឈមគ្រោះរាំងស្ងួត ក៏ដូចជាសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ថា ផ្អែកតាមការស្នើរសុំរបស់បងប្អូនប្រជាពលរដ្ឋមកពីស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលត្អូញត្អែរថាកំពុងខ្វះខាតទឹកស្រោចស្រពដំណាំ ក៏ដូចជាប្រើប្រាស់ប្រចាំថ្ងៃនោះ លោកក៏បានឱ្យក្រុមការងារមន្ទីរបញ្ជាបើកទ្វារទឹកអាងទឹកស្ទឹងស្រែង១ និងស្ទឹងស្រែង២ បញ្ជូនទឹកតាមរយៈប្រឡាយមេស្ទឹងស្រែង១ខាងលិច ទៅស្រោចស្រពដំណាំស្រូវរដូវវស្សាឆ្នាំ២០២៤ របស់ពួគាត់។

លោក ញឺន កួន បានថ្លែងបញ្ជាក់ថា បរិមាណទឹក នៅអាងទឹកស្ទឹងស្រែងទី១ និងស្ទឹងត្រែងទី២ បច្ចុប្បន្ននេះគឺមានចំនួនតិចតួច ដោយរដូវវស្សាសារឆ្នាំនេះអាងទឹកទាំង២នេះមិនទាន់មានទឹកភ្លៀងហូរចូលនោះទេ ប៉ុន្តែដើម្បី ដោះស្រាយបញ្ហាប្រឈមរវស់ប្រជាពលរដ្ឋ មន្ទីរនៅតែជួយគាត់តាមអ្វីដែលអាចជួយបាន ប៉ុន្តែលោកសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើង សូមប្រើប្រាស់ទឹកឱ្យចំគោលដៅ និងមានការសន្សំសំចៃ៕