(កែប)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកថា ការចូលរួមពីអាណាព្យាបាលសិស្ស ជាកត្តាសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា។

ការថ្លែងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែបនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តកែប ដោយចូលរួមអមដំណើរដោយលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមជាមួយគណៈប្រតិភូ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោកឧបនាយករដ្ឋមន្ត្រី បានជំរុញ និងលើកទឹកចិត្តឱ្យមានការចូលរួមរបស់មាតា បិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ» គឺជាកត្តាដ៏សំខាន់ ក្នុងការចូលរួមក្នុងកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ហើយនេះក៏ជាចំណុចគន្លឹះទាំង៤ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញ ហើយត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ដាក់បញ្ជូលក្នុងស្តង់ដាសាលារៀនគំរូ។

ចំណុចគន្លឹះចំនួន ៤ រួមមាន៖

*ទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន។
*ទី២៖ ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។
*ទី៣៖ ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន។
*ទី៤៖ ការជំរុញ និងលើកទឹកចិត្តមានការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ»។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី បានបន្តថា ដើម្បីកែលម្អការរៀន និងបង្រៀន ត្រូវជំរុញឱ្យមានការធ្វើតេស្ដស្ដង់ដាដើមឆ្នាំ ចុងឆ្នាំ ក្នុងគោលបំណងជួយសិស្សដែលរៀនយឺត និងជំរុញឱ្យបង្កើតគណៈកម្មការគ្រប់គ្រង សាលារៀន គណៈកម្មការគ្រប់គ្រងថ្នាក់រៀនបន្ថែម និងលើកទឹកចិត្តឱ្យសាលារៀនបង្កើនម៉ោងរៀនបន្ថែមយ៉ាងហោចណាស់ ២ម៉ោង ក្នុងមួយថ្ងៃ និងរៀនពេញមួយថ្ងៃ ដោយជំរុញឱ្យមានការចូលរួមគាំទ្រពីមាតាបិតា អាណាព្យាបាល ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ ពីបំណងនៃពិធីសំណេះសំណាលនេះ គឺដើម្បីជម្រាបជូនពីអាទិភាពរបស់ក្រសួង គឺកំណែទម្រង់សាលារៀន ការបង្កើតសាលារៀនគំរូ ប្រឡងប្រណាំងប្រកួតប្រជែង ទាំងកម្រិតសាលារៀន និងអ្នកជួយគាំទ្រ ការទទួលស្គាល់ នាយកឆ្នើម គ្រូឆ្នើម និងអ្នកឯកទេសឆ្នើម ដើម្បីលើកទឹកចិត្តដល់ការខិតខំរបស់សាលារៀន ក្នុងរយៈពេលកន្លងមកក្រសួងបានទទួលស្គាល់គ្រឹះស្ថានសិក្សាចំនួន១២០ ពីមត្តេយ្យ បឋម មធ្យម ទទួលស្គាល់ជាសាលាគំរូ៕