(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៣០៣នាក់។

វគ្គបណ្តុះបណ្តាលនេះ ជាសកម្មភាពមួយសម្រាប់ការពង្រឹងស្ថាប័ន ដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាពចំនួន៣ បានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងសប្តាហ៍ទី២ នៃខែមិថុនា ឆ្នាំ២០២៤នេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំបញ្ចប់មេរៀន «ភាពជាអ្នកដឹកនាំ និងការយកចិត្តទុកដាក់មើលថែខ្លួនឯង» ដោយបង្ហាញវិធីសាស្រ្តផ្សេងៗសម្រាប់ការមើលថែសុខភាពខ្លួនឯង និងណែនាំឱ្យអ្នកដឹកនាំបង្កើតជាទម្លាប់ល្អមួយសម្រាប់ខ្លួនឯង ។(ឧទាហរណ៍៖ ការសម្រាកបានគ្រប់គ្រាន់ ការហូបអាហារដែលមានសុខភាពល្អ និងការហាត់ប្រាណ -ល- ហើយអនុវត្តទម្លាប់ល្អនោះឱ្យមាននិរន្តរភាព។ អ្នកដឹកនាំក៏ត្រូវរក្សាឱ្យបាននូវតុល្យភាពរវាងការងារ និងគ្រួសារ។

លោកសាស្ត្រាចារ្យ ក៏បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពីការឆ្លុះបញ្ចាំងឡើងវិញ ដើម្បីពិនិត្យលើសកម្មភាពថែទាំខ្លួនឯង និងធ្វើជាគំរូល្អដល់បុគ្គលិក ព្រមទាំងទាក់ទាញបុគ្គលិកទាំងអស់ ចូលរួមក្នុងសកម្មភាពថែទាំសុខភាពខ្លួនឯងនេះបានជាប្រចាំ។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត៕