(ស្វីស)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយ លោក Gilbert F. Houngbo អគ្គនាយកអង្គការអន្តរជាតិខាងការងារ(ILO) កាលពីថ្ងៃម្សិលមិញ ម៉ោង៥ល្ងាចម៉ោងនៅប្រទេសស្វីស។ ជាជំនួបដែលលោករដ្ឋមន្ត្រីអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO)។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តអភិវឌ្ឍសង្គមជាតិដើម្បីបន្តផ្តល់ការងារសមរម្យជាមួយនឹងរបបសន្តិសុខសង្គម និងជំនាញជាក់លាក់ច្បាស់លាស់ជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាបន្ថែមទៀតដើម្បីឱ្យបរិយាកាសការងារក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាកាន់តែប្រសើរឡើងជាលំដាប់។

ជាមួយគ្នានេះ លោកអគ្គនាយក ក៏បានវាយតម្លៃខ្ពស់នៃភាពរីកចម្រើនជាលំដាប់របស់កម្ពុជាក្នុងរយៈពេល១៥ឆ្នាំមកនេះដែលប្រទេសកម្ពុជាសម្រេចបានដើម្បីវឌ្ឍនភាព និងវិបុលភាពក្នុងវិស័យវាយនភណ្ឌ និងសង្គមទាំងមូលដែលកំពុងទទួលបានផលភាគចេញពីការអភិវឌ្ឍ និងវឌ្ឍនភាពនៃសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ពីភាពចាំបាច់ដែលមិនអាចខ្វះបាននៃវត្តមានរបស់អង្គការអន្តរជាតិខាងការងារ(ILO)ក្នុងការបន្តជួយជ្រោមជ្រែងកម្ពុជាបន្ថែមទៀតក្នុងនាមជាដៃគូសន្ទនាដើម្បីជំរុញយន្តការសន្ទនាសង្គម ភាពសុខដុមនីយកម្មនៅកន្លែងការងារ ក៏ដូចជាការពង្រឹងផលិតភាពក្នុងសង្វាក់ផលិតកម្មរបស់កម្ពុជាផងដែរ៕