(ភ្នំពេញ)៖ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានស្នើឱ្យក្រុមហ៊ុនទទួលម៉ៅការ ដែលឈ្នះការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ យកចិត្តទុកដាក់ធានានូវគុណភាព ស្របតាមស្តង់ដារបច្ចេកទេសឱ្យបានត្រឹមត្រូវ និងធានាសុវត្ថិភាពជូនដល់សាធារណជន។

ការស្នើបែបនេះរបស់លោក ហ៊ុន សុរិទ្ធី បានធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌ ៧មករា នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោកនាយករងទីចាត់ផែនការ និងវិនិយោគរាជធានីភ្នំពេញ, លោកប្រធានមន្ទីរផែនការរាជធានីភ្នំពេញ, លោកនាយករដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធានការិយាល័/អង្គភាពចំណុះរដ្ឋបាលខណ្ឌទាំង៨, លោក-លោកស្រីលទ្ធកម្មសង្កាត់ទាំង០៨, លោក-លោកស្រីតំណាងក្រុមហ៊ុនចូលរួមដេញថ្លៃ ចំនួន១៣ផងដែរ។

ជាមួយគ្នានោះ លោកបានណែនាំឲ្យក្រុមហ៊ុនដែលដេញថ្លៃបាន ត្រូវរួសរាន់ចុះកិច្ចសន្យាអនុវត្តគម្រោងជាមួយសង្កាត់ និងបន្ទាប់ពីបានចុះកិច្ចសន្យារួច ត្រូវអនុវត្តតាមផែនការសកម្មភាពការងារអោយបានច្បាស់លាស់ ហើយគម្រោងនីមួយៗ ត្រូវមានមេការប្រចាំការ មានសៀវភៅតាមដានការដ្ឋាន ជាពិសេសក្នុងការអនុវត្តគម្រោង ត្រូវធានាបានគុណភាព បទដ្ឋានបច្ចេកទេស និងសោភ័ណភាព និងអនុវត្តគម្រោងឱ្យទាន់ពេលវេលាកំណត់ និងរក្សាបាននូវសណ្ដាប់ធ្នាប់ សុវត្ថិភាពក្នុងការដ្ឋាន។ ត្រូវមានសៀវភៅការដ្ឋានតាមការណែនាំរបស់ក្រុមគាំទ្របច្ចេកទេសខណ្ឌ និងសង្កាត់-ធានាសុវត្ថិភាពការដ្ឋាន និងសុវត្ថិភាពសាធារណៈ ចាប់ពីពេលបើកការដ្ឋាន អនុវត្តគម្រោងរហូត ដល់ពេលបិទការដ្ឋាន ហើយមុនពេល និងក្នុងពេលដេញថ្លៃ មិនត្រូវមានការឃុបឃិតគ្នាជាមុនដូចជា លួចចរចារគ្នាទទួល សំណូកពីគ្នា ឬការទិញទឹកចិត្តគ្នាដោយមានការសន្យាមុនពេលដេញថ្លៃ។

អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ក្រុមហ៊ុនត្រូវមានក្រមសីលធម៌ មានបទពិសោធន៍កន្លងមក មានក្រុមហ៊ុនទទួលការបានចូលរួមក្នុងកិច្ចលទ្ធកម្មនេះ ជាច្រើន ក្នុងនោះមានក្រុមហ៊ុនមួយចំនួនតូច ហ៊ានដេញថ្លៃទាប ខ្លាំងជាងតំលៃប៉ាន់ស្មាន ក៏ប៉ុន្តែដល់ពេលអនុវត្តគំរោង គឺមានភាពរយីករយាក យ៉ឺតពេល គ្មានសោភ័ណ្ឌភាព គ្មានសុវត្ថិភាព គ្មានគុណភាព និងមិនអាចទទួលយកបាន ពោលក្រុមហ៊ុននោះចូលមកបំផ្លាញគម្រោងរបស់ សង្កាត់តែម្តង។ តែទន្ទឹមនឹងនោះ ក៏មានអ្នកទទួលការមួយចំនួនធំ មានការទទួលខុសត្រូវ នឹងអនុវត្តបានល្អ រហូតទទួលបាននូវប័ណ្ណសរសើរ ពីសាលារាជធានីភ្នំពេញទៀតផង។

លោក ហ៊ុន សុរិទ្ធី បានណែនាំក្រុមហ៊ុនចូលរួមដេញថ្ងៃទាំងអស់ ត្រូវពិចារណាអោយបានច្បាស់លាស់ពីតំលៃ និងស្ថានភាពទីតាំងគំរោង ហើយត្រូវគោរពនូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងកិច្ចសន្យា គោលការណ៍សំខាន់ៗ អំពីការដេញថ្ងៃ។ កុំឱ្យមានការដេញថ្លៃបានហើយ បែរជាអនុវត្តមិនបាន។ ចំពោះរដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ និងគណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ត្រូវ ជូនដំណឹងដល់បណ្តាអង្គភាពពាក់ព័ន្ធ ពីផលប៉ះពាល់ផ្សេងៗ ក្នុងការអនុវត្តគម្រោង ដើម្បីចូលរួមសហការ និងត្រូវតាមដាន ត្រួតពិនិត្យ ការអនុវត្តគម្រោងរបស់អ្នកទទួលការ ជាប្រចាំ ដើម្បីអោយគម្រោងសង្កាត់សម្រេចបានលទ្ធផលល្អប្រសើរ ត្រឹមត្រូវតាមបទដ្ឋាន បច្ចេកទេស និងនីតិវិធីណែនាំបានកំណត់។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខណ្ឌ៧ មករា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអភិបាលរាជធានីភ្នំពេញ ដែលបានជួយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា៖ ស្ថាបនាលូ មេ ស្គាលូ ជួសជុលផ្លូវ កែលំអសាលារៀន ដាក់ភ្លើងបំភ្លឺផ្លូវ និងរៀបការឺឡានៅតាមដងផ្លូវនានា។ល។ សមិទ្ធផលទាំងអស់នេះ បានធ្វើឱ្យភូមិសាស្ត្រខណ្ឌ ៧មករា មានការអភិវឌ្ឍ និងបានរួមចំណែកកាត់បន្ថយភាពក្រីក្រយ៉ាងពិតប្រាកដ ដល់ប្រជាពលរដ្ឋក្នុងខណ្ឌទាំងមូល បានធ្វើឱ្យប្រជាពលរដ្ឋមានការគាំទ្រ និងទទួលបាននូវភាពកក់ក្ដៅ លើការយកចិត្តទុកដាក់របស់រដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ និងជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ក្នុងការអភិវឌ្ឍប្រទេសជាតិទាំងមូល។

លោក ថេង សុថុល អភិបាលខណ្ឌ ៧មករា បានអោយដឹងថា ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌ បានដំណើរការដេញថ្លៃគំរោងរបស់សង្កាត់ទាំង៨ ដូចជា៖

១-សង្កាត់អូរឫស្សីទី១ ៖ ជួសជុលផ្លូវអ៊ុតកៅស៊ូប្រវែង ១២៧ម ទទឹង ១១,៧៥ម កម្រាស់ ៥០មម និង ស្លាកសញ្ញាគម្រោង១កន្លែង ក្នុងភូមិ១ ភូមិ២ ភូមិ៣ ។
២-សង្កាត់អូរឫស្សីទីទី២ ៖ អ៊ុតបេទីម កំណាត់ផ្លូវលេខ១៦៤ ប្រវែង ១៨៧មx៧,៩៥ម កម្រាស់៥០មម ក្នុងភូមិ២ ភូមិ៤ ។
៣-សង្កាត់អូរឫស្សីទី៣ ៖ ស្តារលូមូលដោះទឹក ទំហំ០,៦០ម៉ែត្រ ប្រវែង២៣៩៦ម៉ែត្រ ស្ថិតនៅភូមិ ១.២.៣.៤.៥.៦ ។ ចាក់អ៊ុតកៅស៊ូ ប្រវែង៨៣ម៉ែត្រ x ៧,៩០ម៉ែត្រ នៅតាមផ្លូវលេខ១៦៦ ភូមិ១ ។
-សង្កាត់អូរឫស្សីទី៤ ៖ រៀបការ៉ូឡាចិញ្ចើមផ្លូវលេខ ១០៧ ផ្លូវលេខ៩៣ ស្ថិតក្នុងភូមិ៤ ភូមិ៥ ភូមិ៦ ភូមិ៧ មានបណ្តោយប្រវែង២៥៩,៧៩ម X ទទឹង៤,៨ម (១,២៤៧ម) និងជួសជុលអណ្តូងលូដោះទឹក៣០អណ្តូង ។
៥-សង្កាត់មនោរម្យ ៖ ជួសជុលផ្លូវបេតុង គ្មានសរសៃដែក ប្រវែង ០,១៤០ម៉ែត្រ ទទឹង ៥,៣០ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ។
ជួសជុលលូមូលដោះទឹកប្រវែង ១៩២ម៉ែត្រ អង្កត់ផ្ចិត ០,៦ម ប្រអប់ដោះទឹកចំនួន១០កន្លែង កាត់និងចាក់បេតុង 1:2:3 កម្រាស់ ១២ស.ម ចំនួន១៩២ម និងស្លាកសញ្ញាគម្រោង ១កន្លែង ភូមិ១ ភូមិ២ ភូមិ៤ ។
៦-សង្កាត់មិត្តភាព ៖ ក្រាលការ៉ូឡា ចិញ្ចើមផ្លូវលេខ១២៨ ប្រវែង ១៦៧.៨១ម៉ែត្រ ទទឹង ៩.៦០ម៉ែត្រ ស្ថិតនៅភូមិ២ នុងភូមិ៩ ។
៧-សង្កាត់វាលវង់ ៖ ជួសជុលផ្លូវបេតុង សរសៃដែក នៅភូមិ១២ មានប្រវែង ១៤២ម៉ែត្រ ទទឹង ៦ម៉ែត្រ និងដាក់លូមូល ដោះទឹក ទំហំ ០.៨ម៉ែត្រ ប្រវែង ២៧៤ម៉ែត្រ ។
៨-សង្កាត់បឹងព្រលិត ៖ អ៊ុតបេទីមីណឺ ផ្លូវលេខ១០៧ ប្រវែង ២០០ម៉ែត្រ ទទឹង ៧.៣ម៉ែត្រ កម្រាស់ ៥០មីលីម៉ែត្រ៕