(បន្ទាយមានជ័យ)៖ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ភ្នាក់ងារ Fresh News តាមរយៈទូរស័ព្ទនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ នេះជាថ្ងៃទី២ហើយ ដែលខ្ញុំរួមជាមួយលោកឧកញ៉ា ភូ ប៉ុយ ប្រធានធនាគារស្រូវ, លោកអភិបាលស្រុកមង្គលបូរី បានចុះដល់វាលស្រែរបស់ប្រជាពលរដ្ឋ នៅឃុំចំណោម ស្រុកមង្គលបូរី លោកមេឃុំចំណោមដោះស្រាយបញ្ហាស្រូវចុះថោក ដែលរហូតមកដល់ពេលនេះបានធ្លាក់ចុះពីជាង១,១០០,០០០រៀល ក្នុង១តោនរហូតដល់ ៥៦០,០០០រៀល។

លោកអភិបាលខេត្តបានបន្តថា សូមជំរាបជូនប្រជាពលរដ្ឋថា លោកនឹងដាក់ក្រុមការងារធនាគារស្រូវចុះទិញ ក្នុងតម្លៃចាប់ពី៨៤០០០០រៀលឡើងទៅ ក្នុង១តោន ដោយគិតចាប់ពីថ្ងៃទី១៥ ខែកញ្ញាតទៅ តែបើសិនមានឈ្មួញផ្សេងៗ ហ៊ានទិញតម្លៃលើសនេះលក់ឲ្យគេចុះ បើតម្លៃថោកជាងទុកលក់ឲ្យក្រុមការងារធនាគារស្រូវ និងចាត់ការតាមនិតិវិធីច្បាប់ជាធរមាន។ តែចំពោះស្រូវដែលមិនសូវល្អ តម្លៃក្រោមនេះបន្តិចបន្តួចអាចចចារគ្នាបានទៅតាមប្រភេទស្រូវ។

ប្រជាពលរដ្ឋ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃនេះថា ពួកគាត់បានសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងតែគិតគូររាល់បញ្ហាដែលប្រជាពលរដ្ឋរងទុក្ខ ជាពិសេសនោះសម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងអស់កម្លាំងកាយចិត្ត នូវអ្វីដែលប្រទេសកម្ពុជាបច្ចុប្បន្ន គឺអភិវឌ្ឍន៍គ្រប់វិស័យ ផ្លូវថ្នល់ សាលារៀន វត្តអារាម មន្ទីរពេទ្យ ប្រព័ន្ធទនន្លេសាស្ត្រនានា ជាពិសេសទៅទៀតនោះគឺវិស័យកីឡា វិស័យអប់រំជាដើម។ ប្រជាពលរដ្ឋ ក៏ដូចជាប្រជាកសិករ ទាំងអស់មានសេចក្តីត្រេកអរសប្បាយរីករាយអបអរសាទរ ចំពោះចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានជួយដោះស្រាយបញ្ហាជូនប្រជាកសិករនាពេលនេះ៕