(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ ចំនួន២០៧ សរុបទឹកប្រាក់៤,៨០០លានដុល្លារ។

ការបញ្ជាក់ឲ្យដឹង​បែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន តំណាងសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញចូលរួម ក្នុងពិធីសម្ពោធជាផ្លូវការ នូវស្ថានតំណាងថ្មី នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា «គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣, ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ ចំនួន ២០៧ ដែលមានទឹកប្រាក់សរុប ចំនួនប្រមាណ ៤.៨ ប៊ីលានដុល្លារអាម៉េរិក រួមមាន៖ ១៖ ឥណទានសម្បទាន ចំនួន ប្រមាណ៤.២ ប៊ីលានដុល្លារអាម៉េរិក សម្រាប់ហិរញ្ញប្បទានគម្រោង ចំនួន១៣៧, ក្នុងនោះ, គម្រោងចំនួន៨៨ បានបញ្ចប់ និងគម្រោង ចំនួន៤៩ កំពុងដំណើរការ និង២៖ ហិរញ្ញប្បទានឥតសំណង ចំនួនប្រមាណ ៥៦៨ លានដុល្លារអាម៉េរិក សម្រាប់ហិរញ្ញប្បទាន គម្រោងចំនួន៧០, ក្នុងនោះ, គម្រោង ចំនួន៤៤ បានបញ្ចប់ និងគម្រោង ចំនួន២៦ កំពុងដំណើរការ»។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ហិរញ្ញប្បទានសហប្រតិបត្តិការទាំងអស់នេះ ត្រូវបានប្រើប្រាស់សម្រាប់ ការវិនិយោគលើវិស័យអាទិភាពមួយចំនួន ដូចជា៖ វិស័យកសិកម្ម និង ធនធានធម្មជាតិ, វិស័យផ្គត់ផ្គង់ទឹកស្អាត និង ហេដ្ឋារចនាសម្ព័ន្ធទីក្រុង, វិស័យគមនាគមន៍ និង បច្ចេកវិទ្យា- ព័ត៌មាន, វិស័យឧស្សាហកម្ម និង ពាណិជ្ជកម្ម, វិស័យហិរញ្ញវត្ថុ, វិស័យគ្រប់គ្រងសាធារណៈ, វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ, វិស័យសុខាភិបាល, វិស័យថាមពល -ល-។

បន្ថែមពីលើការចូលរួម ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍កម្ពុជា ក្នុងវិស័យអាទិភាពនានា ដូចបានគូសបញ្ជាក់ខាងលើនេះ, ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា, ADB ក៏បានចូលរួមចំណែក ក្នុងការឆ្លើយតបយ៉ាងរហ័ស ចំពោះគ្រោះមហន្តរាយ និង បញ្ហាប្រឈមនានា ដែលបានកើនឡើងនៅកម្ពុជា រួមមាន៖

១៖ ការឆ្លើយតបយ៉ាងរហ័ស ទៅនឹងបញ្ហាគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅកម្ពុជា ក្នុងឆ្នាំ ២០០០ និងឆ្នាំ២០១១ តាមរយៈការផ្តល់នូវហិរញ្ញប្បទានសហប្រតិបត្តិការ សរុបប្រមាណ១១៥ លានដុល្លារអាម៉េរិក សម្រាប់ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលបានខូចខាតដោយទឹកជំនន់
២៖ ការគាំទ្រកម្ពុជា ក្នុងការទប់ទល់នឹងការកើនឡើងនៃតម្លៃស្បៀង និង បញ្ហាអតិផរណា ក្នុងឆ្នាំ២០០៨ តាមរយៈការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ សរុបប្រមាណ៣៥លានដុល្លាអាម៉េរិក សម្រាប់គម្រោងជំនួយស្បៀងអាហារបន្ទាន់
និង៣៖ ការគាំទ្រកម្ពុជា ក្នុងការឆ្លើយតបយ៉ាងឆាប់ និងទាន់ពេល ទៅនឹងវិបត្តិនៃជំងឺកូវីដ-១៩ តាមរយៈការផ្តល់ហិរញ្ញប្បទាន សរុបចំនួន២៥០លានដុល្លារអាម៉េរិក ក្រោមក្របខណ្ឌកម្មវិធី «ADB’s COVID-19 Active Response and Expenditure Support (CARES) Program» ដើម្បីជួយពង្រឹងប្រព័ន្ធសុខាភិបាល និង ពង្រឹងប្រព័ន្ធគាំពារសង្គម, ជាពិសេស សម្រាប់ គ្រួសារក្រីក្រ និង ជនងាយរងគ្រោះ, ព្រមទាំងបានផ្តល់ឥណទានសម្បទាន សរុបចំនួន ៩៥ លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ ប្រជាជនកម្ពុជា, ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ ។

ឆ្លៀតក្នុងឱកាសដ៏កម្រនេះ, ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏សូមថ្លែងអំណរគុណចំពោះ ADB ដែលទើបបានអនុម័ត នូវយុទ្ធសាស្ត្រនៃភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០២៤-២០២៨ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅនេះ, ដែលក្នុងនោះ, ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទានផ្ទាល់ ក្នុងទំហំទឹកប្រាក់ សរុបប្រមាណ១,២៦៣ លានដុល្លារអាម៉េរិក, ដែលមានឥណទានសម្បទាន សរុបប្រមាណ ១,២៥១ លានដុល្លារអាម៉េរិក និងហិរញ្ញប្បទាន ឥតសំណង សរុបប្រមាណ១១លានដុល្លារអាម៉េរិក, ព្រមទាំងបានចូលរួមកៀរគរសហហិរញ្ញប្បទាន ពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត សរុបប្រមាណ ២៨៣ លានដុល្លារអាម៉េរិក សម្រាប់គម្រោង និងកម្មវិធី ចំនួន២២។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ឲ្យដឹងថា យុទ្ធសាស្ត្រនៃភាពជាដៃគូនេះ នឹងជួយជំរុញល្បឿននៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅសម្រេចបាននូវ បង្គោលចរ ឆ្នាំ២០៣០ ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងសម្រេចបាននូវចក្ខុវិស័យ ឆ្នាំ២០៥០ ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់៕