(ភ្នំពេញ)៖ ស្ថានតំណាងថ្មី នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ត្រូវបានដាក់ឲ្យសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី។ ស្ថានតំណាងថ្មីនេះ មានទីតាំងក្នុងអគាវឌ្ឍនៈកាពីតាល ជាន់ទី១០ រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោក Masatsugu Asakawa បានថ្លែងថា «ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលយើងជួបជុំគ្នាដើម្បីសម្ពោធ ស្ថានតំណាងថ្មីរបស់ធនាគារ អភិវឌ្ឍន៍អាស៊ី នៅចំកណ្តាលរាជធានីភ្នំពេញ។ ឱកាសនេះ មិនមែនគ្រាន់តែជា ការប្រារព្ធពិធី សម្ពោធការិយាល័យថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាការរំលេចនូវចំណងភាពជាដៃគូស៊ីជម្រៅ និងគោលដៅ អភិវឌ្ឍន៍រួមរបស់ ADB ជាមួយកម្ពុជា»

ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានបន្ថែមទៀតថា ភាពជាដៃគូរបស់ ADB ជាមួយកម្ពុជា ត្រូវបានកំណត់ដោយ កិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងការគោរពគ្នាទៅវិញទៅមក។ ADB បានគាំទ្រដល់ការ អភិវឌ្ឍរបស់កម្ពុជា ជាច្រើនទសវត្សរ៍កន្លងមកនេះ។ កិច្ចខិតខំប្រឹងប្រែងរបស់យើង គ្របដណ្តប់លើវិស័យជាច្រើន ដោយផ្តោតលើការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធជនបទ ការអប់រំ កសិកម្ម និងសេវាសុខាភិបាល ដែលការងារនេះ មានគោលបំណងលើកកម្ពស់ជីវិត និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា។

បន្ថែមពីនោះទៀត លោកបានបញ្ជាក់ថា ការបើកស្ថានតំណាងថ្មីនេះ ស្របពេលជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រភាពជាដៃគូ ប្រចាំប្រទេសថ្មីរបស់ ADB សម្រាប់ឆ្នាំ ២០២៤-២០២៨។ យុទ្ធសាស្ត្រនេះ ត្រូវបានសម្របតាម តម្រូវការ និងអាទិភាពរបស់កម្ពុជា។ វាសង្កត់ធ្ងន់លើការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍមូលធន មនុស្ស និងភាពធន់នឹងអាកាសធាតុ ព្រមទាំងជំរុញអាទិភាពឆ្លងវិស័យ (cross-cutting priorities) ដូចជា អភិបាលកិច្ច សមភាពយេនឌ័រ ឌីជីថលភាវូបនីយកម្ម ព្រមទាំងកិច្ចសហ ប្រតិបត្តិការ និងសមាហរណកម្មក្នុងតំបន់។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសរំលេចដោយសង្ខេបអំពីប្រវត្តិដ៏យូរលង់ នៃកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង ADB។ កម្ពុជាបានចូលជាសមាជិករបស់ ADB ក្នុងឆ្នាំ១៩៦៦ ក្នុងខណៈដែល ADB ទើបត្រូវបានបង្កើតឡើងនៅហ្វីលីពីន។ ក្នុងឆ្នាំ ១៩៧០, ADB បានផ្តល់ឥណទានដំបូងដល់កម្ពុជា ក្នុងទំហំទឹកប្រាក់សរុបចំនួន ១,៦៧ លានដុល្លារអាម៉េរិក សម្រាប់គម្រោង «Phnom Penh High Voltage Transmission»

ជាអកុសល, ក្នុងអំឡុងឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៩០, កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង ADB ត្រូវបានផ្អាក ដោយសារសង្រ្គាម និង ស្ថានភាពដ៏លំបាកស្មុគស្មាញនៅកម្ពុជា នាពេលនោះ, ជាពិសេស ដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត, ដែលបានធ្វើឲ្យ ប្រជាជនកម្ពុជា រាប់លាននាក់ ស្លាប់ និង រងទុក្ខវេទនា ព្រមទាំង បានបំផ្លិចបំផ្លាញហេដ្ឋា- រចនាសម្ព័ន្ធនានា ស្ទើរតែទាំងស្រុង រួមមាន៖ ផ្លូវថ្នល់, ស្ពាន, ប្រព័ន្ធធារាសាស្រ្ត, សាលារៀន, មន្ទីរពេទ្យ, និង ផ្ទះសម្បែងរបស់ប្រជាជន -ល-។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមទៀតថា នៅឆ្នាំ១៩៩១ និង១៩៩២, ទោះបីជាមានក្តីព្រួយបារម្ភអំពីបញ្ហាអស្ថិរភាព និង អសន្តិសុខខ្ពស់ ដោយសារសង្គ្រាមស៊ីវិល, ចោរកម្ម និង ភាពច្របូកច្របល់នៅកម្ពុជា យ៉ាងណាក្តី, ក៏ ADB នៅតែស្ម័គ្រចិត្តបញ្ជូនក្រុមបេសកកម្មជាច្រើនក្រុម មកកាន់កម្ពុជា ដើម្បីវាយតម្លៃ អំពីតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង កំណត់វិស័យអាទិភាពនានា ព្រមទាំងដើម្បីកំណត់ក្របខណ្ឌគតិយុត្ត និង ក្របខណ្ឌសហប្រតិបត្តិការ ក្នុងការផ្តល់ ហិរញ្ញប្បទាន ដើម្បីគាំទ្រការស្តារ និង ការអភិវឌ្ឍនៅកម្ពុជាឡើងវិញ។

នៅខែវិច្ឆិកា ឆ្នាំ១៩៩២, ពោលគឺត្រឹមតែមួយឆ្នាំ បន្ទាប់ពីការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស, ADB បានផ្តល់ឥណទានដល់កម្ពុជា ក្នុងទំហំទឹកប្រាក់ សរុបចំនួន ៦៧.៧ លានដុល្លារអាម៉េរិក, សម្រាប់ឆ្នាំ១៩៩២ ដល់ឆ្នាំ ១៩៩៦, ដើម្បីស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ក្នុងវិស័យសំខាន់ ចំនួន៤ រួមមាន៖ វិស័យដឹកជញ្ជូន, វិស័យថាមពល, វិស័យកសិកម្ម, និង វិស័យអប់រំ។ ទន្ទឹមនេះ, ADB ក៏បានផ្តល់ជំនួយបច្ចេកទេស ចំនួន៤.២លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់ភ្នាក់ងារអនុវត្តគម្រោង ដែលទទួលបន្ទុក លើការស្តារឡើងវិញនៃហេដ្ឋារចនាសម្ព័ន្ធអាទិភាពនានា ។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ជារួម, ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ៩០, ADB បានគាំទ្រកម្ពុជា ក្នុងការស្តារឡើងវិញនូវ ផ្លូវជាតិសំខាន់ៗ, សរុបចំនួន ៥៦០ គីឡូម៉ែត្រ និង ស្ពានចំនួន ២៣, ព្រមទាំងក្នុងការ- ជួសជុលបណ្តាញផ្លូវដែក នៅទីតាំងសំខាន់មួយចំនួន ផងដែរ។ នៅក្រុងព្រះសីហនុ, ADB បានគាំទ្រដល់ការជំរុញពាណិជ្ជកម្ម តាមរយៈការស្តារឡើងវិញ នូវកំពង់ផែទឹកជ្រៅរបស់កម្ពុជា ។ ចំណែកនៅភ្នំពេញវិញ, ហិរញ្ញប្បទានរបស់ ADB បានគាំទ្រដល់ការដំឡើង ម៉ាស៊ីនភ្លើងថ្មី និង ជួសជុលម៉ាស៊ីនភ្លើងដែលមានស្រាប់ ដើម្បីស្តារឡើងវិញនូវបណ្តាញ ចែកចាយអគ្គិសនី។

លើសពីនេះ, ប្រព័ន្ធធារាសាស្ត្រ និង ប្រព័ន្ធគ្រប់គ្រងទឹកជំនន់ ចំនួន ៤ ត្រូវបានជួសជុលឡើងវិញ ដែលមានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រែ ចំនួន១ម៉ឺនហិកតា, ដោយក្នុងនោះ, ADB ក៏បានជួយដល់ការផ្គត់ផ្គង់ឧបករណ៍សំណង់, គ្រឿងបន្លាស់, និង ប្រព័ន្ធកុំព្យូទ័រ ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តកិច្ចការនេះ ផងដែរ។ ចំពោះវិស័យអប់រំ, ហិរញ្ញប្បទានរបស់ ADB បានគាំទ្រដល់ការជួសជុល និង ការបំពាក់គ្រឿងបរិក្ខារ សម្រាប់អនុវិទ្យាល័យ ចំនួន ៦៧, វិទ្យាស្ថានបច្ចេកទេស ចំនួន ៣ និង មហាវិទ្យាល័យគរុកោសល្យ ចំនួន២៕