(ភ្នំពេញ)៖ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្សីប្រចាំកម្ពុជា បានថ្លែងថា ក្នុងរយៈពេល៦៨ឆ្នាំមកនេះ ទំនាក់ទំនងការទូតមិត្តភាព និងការទុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជា និងរុស្ស៉ី នៅតែជាមូលដ្ឋាននៃការអភិវឌ្ឍជាលំដាប់នូវអន្តរកម្មទ្វេភាគី ហើយលោកបានប្តេជ្ញាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងធុរកិច្ច រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។

លោកឯកអគ្គរដ្ឋទូតថ្លែងសុន្ទរកថាបែបនេះ នៅទិវានៃប្រទេសរុស្ស៉ីនៅកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា រួមមាន សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីនៃស្ថាប័នប្រតិបត្តិ និងនីតិប្បញ្ញត្តិ ធុរជន អង្គទូត និងប្រព័ន្ធផ្សព្វផ្សាយផងដែរ។

លោកឯកអគ្គរដ្ឋទូតមានប្រសាសន៍ថា «ជាប្រវត្តិសាស្ត្រ រុស្ស៉ីតែងតែជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់និងដៃគូប្រកបដោយទំនុកចិត្តរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍ និងមូលដ្ឋានដ៏រឹងមាំសម្រាប់ប្រជាជននៃពិភពលោកក្នុងការតស៊ូប្រឆាំងនឹងអាណានិគមនិយម ហើយថ្ងៃនេះ យើងការពារសមភាពអធិបតេយ្យភាព ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងប្រឆាំងនឹងការអនុវត្តអាណានិគមនិយមថ្មី ដោយក្រុមប្រទេសដែលបានប្រកាសខ្លួនជា "ក្រុមប្រទេសពិសេស" ទាក់ទងនឹងបណ្តាប្រទេសភាគច្រើន។»

ឯកអគ្គរដ្ឋទូតរុស្សី លោក Anatoly Borovik បានបន្តថា «បច្ចុប្បន្ននេះ រុស្ស៉ីកំពុងពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយពង្រឹងទំនាក់ទំនងជាមួយបណ្តារដ្ឋនៃអាស៊ីអាគ្នេយ៍ រួមទាំងជាមួយព្រះរាជាណាចក្រកម្ពុជា។ បទពិសោធន៍ប្រវត្តិសាស្ត្រដ៏សម្បូរបែប ប្រពៃណីល្អ និងអាកប្បកិរិយាស្ថាបនា នឹងជួយយើងស្វែងរកលទ្ធភាពថ្មី សម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង និងទំនាក់ទំនង ផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជននៃប្រទេសយើងទាំងពីរ។»

ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ អតីតសហភាពសូវៀតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីការរំដោះខ្លួនចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងវិទ្យាស្ថានបច្ចេកវិទ្យា នឹងក្រើនរំលឹកអំពីបេសកកម្មរបស់រុស្ស៉ីសម្រាប់ប្រជាជនកម្ពុជា។

បើតាមលោកឯកអគ្គរដ្ឋទូត កម្ពុជានៅតែបន្តជោគជ័យក្នុងការធ្វើជាប្រទេសសម្របសម្រួលភាពជាដៃគូសន្ទនាយុទ្ធសាស្ត្ររុស្ស៉ី-អាស៊ាន ដែលខួបលើកទី៥ ត្រូវបានប្រារព្ធនៅរដូវស្លឹកឈើជ្រុះ ឆ្នាំ២០២៣។ ក្នុងខែកុម្ភៈ កន្លងទៅ ភាពជាដៃគូឌីជីថលរុស្ស៉ី-អាស៊ាន ត្រូវបានបង្កើតឡើង ដែលនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍។

ទិវានៃប្រទេសរុស្ស៉ី ជានិមិត្តរូបនៃសាមគ្គីភាពរបស់ប្រជាពលរដ្ឋរុស្ស៉ី ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ពួកគេចំពោះទំនៀមទម្លាប់ និងគោលការណ៍ណែនាំខាងសីលធម៌ សេចក្តីគោរពមរតកដ៏រុងរឿងរបស់បុព្វបុរស និងដំណើរបន្តវេនពីជំនាន់មួយទៅជំនាន់មួយ និងពីសម័យកាលមួយ ទៅសម័យកាលមួយ។ ថ្ងៃនៃការអនុម័តសេចក្តីប្រកាសអំពីអធិបតេយ្យភាពរដ្ឋនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩០ គឺជាការចាប់ផ្តើមនៃដំណើរការនៃការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងប្រទេសរុស្ស៉ី។ ដោយមានមរតកប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែប ក៏ដូចជាធនធានជាច្រើន ប្រទេសរុស្ស៉ីបានធ្វើជាស្ពានតភ្ជាប់រវាងអឺរ៉ុប និងអាស៊ី ដោយបង្រួបបង្រួមប្រពៃណីល្អបំផុតរបស់ប្រជាជន ដែលរួមគ្នាដើរតាមមាគ៌ានៃវឌ្ឍនភាព និងភាពរុងរឿង៕