(ភ្នំពេញ)៖ សមាគមលើកកម្ពស់សុខភាពកូរ៉េ (KAHP) បានសហការជាមួយមន្ទីរពេទ្យបង្អែកព្រែកព្នៅ បន្ដផ្ដល់ប្រឹក្សា និងធ្វើតេស្ដរោគវិនិច្ឆ័យដោយឥតគិតថ្លៃ សម្រាប់ជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងផ្សេងទៀត ជូនប្រជាពលរដ្ឋកម្ពុជា ដែលនៅរស់នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ការផ្ដល់ប្រឹក្សា និងពិនិត្យព្យាបាលនេះ បានធ្វើឡើងនៅមន្ទីរពេទ្យបង្អែកព្រែកព្នៅ ដែលមានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត ជន សារុន អនុប្រធានមន្ទីរពេទ្យបង្អែកព្រែកព្នៅ, លោកវេជ្ជបណ្ឌិត ចុន មករា ប្រធានបច្ចេកទេសមន្ទីរពេទ្យបង្អែកព្រែកព្នៅ, លោក Geun Hyuk Yoo នាយកដ្ឋានវិស្វកម្មគីមី និងជីវម៉ូលេគុលនៃសកលវិទ្យាល័យសូហ្គាំង និងលោក Jun -Won Jeong នាយកប្រតិបត្តិទូទៅ នៃសមាគមលើកកម្ពស់សុខភាពកូរ៉េ ផ្នែកយុទ្ធសាស្ត្រអាជីវកម្ម នៅដើមខែមិថុនា ឆ្នាំ២០២៤នេះ។

លោក Geun Hyuk Yoo បានថ្លែងឱ្យដឹងថា កម្ពុជាជាប្រទេសមួយ ដែលត្រូវការការបង្ការ និងគ្រប់គ្រងជាបន្តបន្ទាប់ខណៈមនុស្ស ៩នាក់ក្នុងចំណោម១០នាក់ កំពុងប្រឈមនឹងហានិភ័យនៃការក្លាយជាក្រុម ដែលមានហានិភ័យខ្ពស់នឹងជំងឺមិនឆ្លង (NCD)។

លោកបន្ដថា នៅឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា បានស្នើសុំគម្រោងបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង (NCD) មកកាន់សមាគមលើកកម្ពស់សុខភាពកូរ៉េ (KAHP) ដែលមានបទពិសោធន៍ និងជំនាញក្នុងការប្រឹក្សាយោបល់អំពីជំងឺរ៉ាំរ៉ៃ និងជំងឺសំខាន់ៗមួយចំនួនទៀត។ ដូច្នេះ KAHP បានស្នើឱ្យគម្រោងភាពជាដៃគូសាធារណៈ ឯកជនកយកា (KIOCA) ដោយផ្តោតលើការពិនិត្យសុខភាព សម្រាប់ប្រជាពលរដ្ឋក្នុងស្រុក, ប្រព័ន្ធព័ត៌មានសុខាភិបាល ហើយនឹងការធ្វើឱ្យប្រសើរឡើង ចំពោះការផ្លាស់ប្តូរការរស់នៅ របបអាហារ និងការហាត់ប្រាណ។

លោកបានឱ្យដឹងទៀតថា មនុស្សជាច្រើនទៀតនៅកម្ពុជា ដែលត្រូវការការគ្រប់គ្រងជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម។ ដូច្នេះសមាគមលើកកម្ពស់សុខភាពកូរ៉េ ( KAHP) មានគម្រោងពង្រីកបន្តតំណាក់កាលទី២ នាពេលអនាគត ដោយសមាគមលើកកម្ពស់សុខភាពកូរ៉េ ( KAHP) គ្រោងនឹងពង្រីកតំបន់គោលដៅ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែច្រើន អាចទទួលបានអត្ថប្រយោជន៍ ក្នុងការទទួលបានចំណេះដឹងផ្នែកជំងឺមិនឆ្លងនេះ។

លើសពីនេះទៀតសមាគមលើកកម្ពស់សុខភាពកូរ៉េ ចង់រួមចំណែកក្នុងការបង្កើនសិទ្ធិ ស្ត្រី និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDGs ដោយពិនិត្យមើលបន្ថែមជាពិសេសសុខភាពរបស់ស្ត្រី ដើម្បីធានាសិទ្ធិសុខភាពរបស់ស្ត្រីកម្ពុជា ដែលងាយរងគ្រោះនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត ជន សារុន អនុប្រធានមន្ទីរពេទ្យបង្អែកព្រែកព្នៅ បានថ្លែងឱ្យដឹងថា ក្រោមការជួយរបស់សមាគមលើកកម្ពស់សុខភាពកូរ៉េ ដល់មន្ទីរពេទ្យបង្អែកព្រែកព្នៅ ក៏ដូចជាប្រជាពលរដ្ឋយើង ដែលមកពិនិត្យសុខភាពដោយឥតគិតថ្លៃ លើជំងឺមិនឆ្លងនេះ ពិសេសការអប់រំសុខភាព ដែលធ្វើឱ្យប្រជាជនយើងមានការយល់ដឹងបានច្រើន ពីបញ្ហាសុខភាព ពិសេសលើជំងឺមិនឆ្លង។

គម្រោងគ្រប់គ្រងជំងឺមិនឆ្លង របស់សមាគមខាងលើនេះ មានរយៈពេល៣ឆ្នំា (២០២២-២០២៤) នេះជាឆ្នាំទី៣ហើយ ដែលបានអនុវត្ដផ្ដោតសំខាន់ទៅលើជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម។ ក្នុងគោលដៅ គឺសមាគមគ្រោងនឹងផ្ដល់សេវាពិនិត្យ ព្យាបាលជំងឺមិនឆ្លង ជូនដល់ប្រជាពលរដ្ឋប្រមាណជា ២ពាន់នាក់ ដែលរស់នៅក្នុងសង្កាត់ព្រែកព្នៅ និងសង្កាត់គោករការ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចុន មករា ប្រធានបច្ចេកទេសមន្ទីរពេទ្យបង្អែកព្រែកព្នៅ, បានឱ្យដឹងថា ក្រោមជាជួយរបស់ភាគីកូរ៉េ ទាំងការអប់រំណែនាំពីរបៀបថែរក្សាសុខភាព ដើម្បីបង្ការពីជំងឺមិនឆ្លង ឃើញថាប្រជាពលរដ្ឋបានមកទទួលសេវាលើជំងឺទាំងអស់ លើសពីគម្រោងដែលបានគ្រោងទុកទៅទៀត៕