(ចាកាតា)៖ ការិយាល័យពន្ធឥណ្ឌូនេស៊ី នឹងធ្វើការស៊ើបអង្កេត​ Alphabet Inc ជាក្រុមហ៊ុនរបស់ Google ពីបទសង្ស័យមិនបង់ពន្ធ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុត នៅតំបន់អាស៊ីអាគ្នេយ៍នេះ។ នេះបើតាមមន្ត្រីជាន់ខ្ពស់មួយរូប របស់ក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។

លោក ​Muhammad Hanif ប្រធានសាខាករណីពិសេស នៃការិយាល័យពន្ធ បានឲ្យដឹងថា មានការបដិសេធពីក្រុមហ៊ុន Google ក្នុងការសហប្រតិបត្តិការ បន្ទាប់ពីខ្លួនបានផ្ញើលិខិតមួយ កាលពីខែមេសា ដោយស្នើសុំអនុញ្ញាតដើម្បីធ្វើការត្រួតពិនិត្យរបាយការណ៍ពន្ធរបស់ក្រុមហ៊ុន ដែលមានការសង្ស័យ។

«យើងនឹងធ្វើការស៊ើបអង្កេត ដោយសារតែពួកគេបដិសេធការត្រួតពិនិត្យ ហើយនេះបង្ហាញពីសកម្មភាពឧក្រិដ្ឋកម្ម»។ នេះបើតាមសម្តីលោក Hanif ប្រាប់ឲ្យដឹងក្នុង សន្និសីទសារព័ត៌មាន។ លោកបន្ថែមថា រដ្ឋាភិបាលក៏បានស្នើសុំធ្វើការត្រួតពិនិត្យរបាយការណ៍ពន្ធ របស់ការិយាល័យនៅឥណ្ឌូនេស៊ី នៃក្រុមហ៊ុនអ៊ីនធើណេត មានមូលដ្ឋាននៅសហរដ្ឋអាមេរិកចំនួន៣ទៀតផងដែរ ក្នុងនោះមានក្រុមហ៊ុន Yahoo, Twitter និងក្រុមហ៊ុន Facebook។

Alphabet Inc ជាក្រុមហ៊ុនមួយរបស់ Google ដែលមាន CEO គឺលោក Larry Pages៕