(បន្ទាយមានជ័យ)៖ ជើងក្រោមរបស់បក្សប្រឆាំងនៅតាមមូលដ្ឋាន កំពុងមានចរន្តដើរចេញពី​បក្ស​​របស់ខ្លួនប្រៀបដូចទឹកជំនន់នារដូវវស្សា ព្រោះតែក្តីខកចិត្ត ខកបំណង បាត់បង់​ជំនឿ​​ចំពោះការដឹកនាំរបស់ថ្នាក់ដឹកនាំបក្ស ការបែកបាក់ខ្ចាត់ខ្ចាយ​ក្នុងចំណោម​មេ​ដឹកនាំបក្សប្រឆាំង។ ជាពិសេសការប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ពីសំណាក់​ទណ្ឌិត សម រង្ស៉ី។

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សភ្លើងទៀននៅក្នុងឃុំគោលបល្ល័ង្គ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ចំនួន១០នាក់ទៀត បានសម្រេចចិត្តដើរចេញពីបក្ស​ដែលខ្លួនបានស្ម័គ្រស្មោះយូរឆ្នាំមកហើយ។

មូលហេតុនៃការសម្រេចចិត្តដើរចេញពី​បក្សប្រឆាំងនេះ ត្រូវបានពួកគេអះអាងថា បណ្តាលមក​ពីការបាត់បង់ជំនឿចិត្តទៅលើជោគវាសនាបក្សប្រឆាំង ដែលខ្វះសាមគ្គីភាព និងការ​បែក​បាក់នៅក្នុងចំណោមមេដឹកនាំបក្សប្រឆាំង ហើយទៅបង្កើតបក្សថ្មីៗជាច្រើន។

ថ្នាក់ដឹកនាំ សមាជិក សមាជិកប្រឆាំងទាំង១០នាក់ បានគូសបញ្ជាក់ថា ពួកគេបានប្រឹងប្រែងតស៊ូជួយបក្សអស់ជាច្រើនឆ្នាំមកហើយ ដោយរំពឹងថា បក្សនឹង​មាន​​ការចម្រើន។ តែមិនដូចក្តីរំពឹងរបស់ពួកគេ បក្សប្រឆាំងបានចុះខ្សោយពីមួយឆ្នាំ ទៅ​មួយឆ្នាំ ហើយថ្នាក់ដឹកនាំបក្សបែកបាក់គ្នារត់ចេញទៅបង្កើតបក្សថ្មីរៀងៗខ្លួន។ ជាពិសេសពួកគេមានការខឹងសម្បាយ៉ាងខ្លាំងនឹងទណ្ឌិត សម រង្ស៉ី ប្រឆាំងគម្រោង​ព្រែក​ជីកហ្វូណនតេជោ ដែលជាគម្រោងដ៏មានប្រយោជន៍សម្រាប់ជាតិ។

ទន្ទឹមការដើរចេញពីបក្សដែលខ្លួនធ្លាប់រួមរស់ជាច្រើនឆ្នាំមកហើយនោះ ពួកគេ ក៏បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំប្រទេសផងដែរ។

ពេលនេះពួកគេ បានមើលឃើញច្បាស់ដោយឥតសង្ស័យថា បក្សប្រជាជន​កម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ កសាងជាតិឱ្យរីកចម្រើន។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។

ថ្នាក់ដឹកនាំបក្សប្រឆាំងទាំង១០នាក់នេះ បានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេសមិនចាញ់បោកការអូសទាញ របស់បុគ្គល សម រង្ស៉ី ទៀតនោះឡើយ៕