(អាមេរិក)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបជាមួយតំណាងសមាគមវិជ្ជាជីវៈវ័យក្មេងសហរដ្ឋអាមេរិក-អាស៊ាន នៅក្នុងជំនួបអាហារពេលព្រឹក នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។

នៅក្នុងឱកាសនោះ មានការពិភាក្សាផ្លាស់ប្តូរទស្សនៈស្តីពីការអភិវឌ្ឍយុវជន និងសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនអាស៊ាន និងសហរដ្ឋអាមេរិក ជាដើម។

បន្ទាប់មកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានបន្ដជួបជាមួយលោកស្រី Jennifer M. Granholm រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សារកវិធី និងមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក លើវិស័យថាមពល រួមទាំង សន្តិសុខ និងភាពធន់ផ្នែកថាមពល បច្ចេកវិទ្យាថាមពលកកើតឡើងវិញ ទំនើប និងកំពុងលេចឡើង ព្រមទាំង សមាហរណកម្មទីផ្សារថាមពល ជាដើម។

បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានបន្ដជួបជាមួយលោកស្រី Samantha Power អ្នកគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដើម្បីពិភាក្សាលើសកម្មភាពនានានៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាស៊ាន-សហរដ្ឋអាមេរិក។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានគូសបញ្ជាក់ពីការចូលរួមចំណែកដ៏សំខាន់នៃគម្រោងនានារបស់អាស៊ាន-USAID ទៅដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ហើយទន្ទឹងអនុវត្តកម្មវិធីភាពជាដៃគូអាស៊ាន-USAID ដែលនឹងពង្រឹងបន្ថែមទៀតនូវសមត្ថភាពរបស់អាស៊ាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម អភិបាលកិច្ចល្អ ភាពធន់ និងស្ថិរភាពនៅក្នុងតំបន់។

លុះដល់រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាបាយថ្ងៃត្រង់រៀបចំដោយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន។

នៅក្នុងឱកាសនោះ អ្នកចូលរួមបានផ្លាស់ប្តូរទស្សនៈស្តីពីនិន្នាការកំពុងលេចឡើង នៅក្នុងបរិបទសេដ្ឋកិច្ចតំបន់ និងសកល ហើយបានពិភាក្សាលើកិច្ចសហការដែលអាចធ្វើទៅបាន រវាវអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអមេរិក-អាស៊ាន ដើម្បីជួយគាំទ្រល់ការអភិវឌ្ឍសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាពិសេស ក្នុងវិស័យដូចជា បរិវត្តកម្មឌីជីថល កាត់បន្ថយការប្រើប្រាស់កាបោន និងភាពធន់នៃច្រវាក់ផ្គត់ផ្គង់ជាដើម៕