(ភ្នំពេញ)៖ និយ័តករសន្តិសុខសង្គម បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីវឌ្ឍនភាពនៃការចុះកិច្ចព្រមព្រៀង ស្ដីពីការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាល រវាងបេឡាជាតិសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលឯកជន។

និយ័តករសន្តិសុខសង្គម បានបញ្ជាក់ថា អនុលោមតាមអនុក្រឹត្យលេខ ១៦០ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ស្តីពី «និយ័តកម្មប្រព័ន្ធសន្តិសុខសង្គម » និងបន្ទាប់ពីសេចក្តីសម្រេចលេខ ០០៤ អ.ស.ហ. ស.ស.រ ស្តីពី «ការកំណត់នីតិវិធី និងលក្ខខណ្ឌតម្រូវនៃការស្នើសុំការឯកភាពរបស់ ន.ស.ស. ក្នុងការចុះកិច្ចព្រមព្រៀងប្រើប្រាស់ និងផ្តល់សេវាសុខាភិបាលរវាងស្ថាប័នប្រតិបត្តិករក្នុងប្រព័ន្ធសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលឯកជន» ត្រូវបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ, មូលដ្ឋានសុខាភិបាលឯកជនចំនួន ១០ ទទួលបានការឯកភាពពី និយ័តករសន្តិសុខសង្គម ដើម្បីអាចចុះកិច្ចព្រមព្រៀងជាមួយ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលជាស្ថាប័នប្រតិបត្តិករនៃប្រព័ន្ធសន្តិសុខសង្គម ក្នុងការផ្តល់សេវាសុខាភិបាល។

មូលដ្ឋានសុខាភិបាលឯកជនទាំង ១០ ដែលទទួលបានការឯកភាពពី ន.ស.ស. ក្នុងការចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ដើម្បីផ្តល់សេវាសុខាភិបាលដោយស្របច្បាប់ ទៅតាមនីតិវិធីពេញលេញ មានបំពាក់និមិត្តសញ្ញា «គាំពារសង្គមកម្ពុជា» ជាសម្គាល់៕