(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ។
គណៈកម្មាធិការជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ត្រូវបានបង្កើតឡើងដើម្បីដឹកនាំ និងសម្របសម្រួលការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។ គណៈកម្មាធិការជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ មានតួនាទីដឹកនាំ គាំទ្រ និងសម្របសម្រួលការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ, រៀបចំ និងអនុវត្តកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល, គាំទ្រដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទម្រង់ដទៃទៀតរបស់រាជរដ្ឋាភិបាល កម្មវិធីកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងកម្មវិធីកែទម្រង់ដទៃទៀតរបស់រាជរដ្ឋាភិបាល, លើកសំណើជូនរាជរដ្ឋាភិបាលអនុម័តលើគោលនយោបាយ កម្មវិធីយុទ្ធសាស្ត្រ និងផែនការ សកម្មភាពបម្រើឱ្យការកែទម្រង់រដ្ឋបាលសាធារណៈ, លើកសំណើជូនរាជរដ្ឋាភិបាល ក្នុងការរៀបចំក្របខណ្ឌគតិយុត្ត សម្រាប់ការគាំទ្រដល់ការកែទម្រង់រដ្ឋបាលសាធារណៈ, សម្របសម្រួល និងផ្ដល់ជំនួយបច្ចេកទេសដល់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមអនុវត្តកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ, ពិនិត្យ និងអនុម័តសូចនាករសមិទ្ធកម្មគន្លឹះ និងដឹកនាំការងារត្រួតពិនិត្យ ការតាមដាន និងការវាយ តម្លៃការអនុវត្តកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ, ធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការងារកែទម្រង់រដ្ឋបាលសាធារណៈជូនរាជរដ្ឋាភិបាល និងជំរុញការផ្សព្វផ្សាយសមិទ្ធផលនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ។ គណៈកម្មាធិការនេះ ក៏មានតួនាទីសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីជំរុញការងារកែទម្រង់រដ្ឋបាល
សាធារណៈ និងបំពេញការងារផ្សេងទៀតតាមការប្រគល់ភារកិច្ចពីរាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញវិធានការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ គឺជាកិច្ចការស្នូលមួយរបស់រាជរដ្ឋាភិបាល។ ក្នុងនោះសម្តេចធិបតី បានសម្រេចបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឬ គ.វ.រ. ផងដែរ។
ការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌនៃការសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ថា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជា ជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជន ប្រកបដោយប្រសិទ្ធភាព នៅក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System)៕