(ភ្នំពេញ)៖ បន្ទាប់ពីទំហំពាណិជ្ជកម្ម នៃការនាំចូលមកកម្ពុជាធ្លាក់ចុះរហូតដល់១៧ភាគរយ នៅ៧ខែដើមឆ្នាំ២០១៦នេះ ប្រទេសថៃបានបន្ដប្រឹងប្រែង ផ្សព្វផ្សាយផលិតផលរបស់ខ្លួននៅកម្ពុជា តាមរយៈការតាំងពិព័រណ៍ពាណិជ្ជកម្ម ដើម្បីជំរុញការលក់ផលិតផលរបស់ខ្លួន ឲ្យមានទំហំកាន់តែច្រើនជាងមុន។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល អគ្គទីប្រឹក្សាពាណិជ្ជកម្មស្ថានទូតថៃប្រចាំកម្ពុជា បានថ្លែថា ការនាំចូលរបស់ប្រទេសថៃ មកកាន់កម្ពុជាបានធ្លាក់ចុះ១៧ភាគរយ ធ្លាក់ពី២៩២៥.៦០លានដុល្លារ នៅឆ្នាំ២០១៥ មកនៅត្រឹម២៤២៩.៤១លានដុល្លារ នៅឆ្នាំ២០១៦នេះ។ ដើម្បីជួយជំរុញទំហំពាណិជ្ជកម្មទ្វេភាគីនេះ ស្ថានទូតថៃប្រចាំកម្ពុជា បានរៀបចំពិព័រណ៍ពាណិជ្ជកម្ម ២០១៦ និងបើដំណើរការហើយនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៦ ដែលប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៥ ដល់១៨ ខែកញ្ញា នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
ក្នុងនោះផងដែរ លោកស្រី ជីរ៉ាណាន់ វង្សមង្គល បានឲ្យដឹងទៀតថា ជោគជ័យនៃការតាំពិព័រណ៍ពាណិជ្ជកម្មថៃ កន្លងមកគឺបានបង្ហាញឲ្យឃើញថា ការធ្វើពាណិជ្ជកម្ម និងការធ្វើវិនិយោគ រវាងពាណិជ្ជករកម្ពុជា និងពាណិជ្ជករថៃ មានការរីកចំរើនជាវិជ្ជមាន ហើយយើងក៏មានសេចក្ដីរីករាយ ទៅតាមលទ្ធផលដែលយើងទទួលបាន។
លោកស្រីបានបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្ម មានការចូលរួមពីសំណាក់ក្រុមហ៊ុនចំនួន២០០ និងមានស្ដង់ចំនួន២៥០ ស្ដង់សម្រាប់ការតាំងពិព័រណ៍ គឺត្រូវបានទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា អតិថិជន ជាពិសេសពីពាណិជ្ជករកម្ពុជា ដោយមានការតាំងបង្ហាញនូវទំនិញជាច្រើនដូចជា សំភារៈសំណង់ និងគ្រឿងបន្លាស់ អាហារ និងភេសជ្ជៈ សំលៀកបំពាក់និងវាយនភ័ណ្ឌ សុខភាព និងសម្ភស្ស សំភារៈក្នុងផ្ទះ និងផ្ទះបាយ វត្ថុអនុស្សាវរីយ៍ និងតុបតែងផ្ទះ ទំនិញ OTOP ថៃ សំភារៈធ្វើពីស្បែក និងស្បែកជើង សំភារៈអគ្គិសនី និងអេឡិចត្រូនិក។
លោក យិន សុផា តំណាងក្រុមហ៊ុន CAMBO បានថ្លែងថា ការតាំងពិព័រណ៍ពាណិជ្ជកម្មថៃឆ្នាំ២០១៦នេះ មិនត្រឹមតែមានការដាក់បង្ហាញទំនិញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាស ក្នុងការចរចាចាប់ដៃគូពាណិជ្ជកម្ម រវាងពាណិជ្ជករថៃ និងពាណិជ្ជករកម្ពុជា ដើម្បីរកតំណាងចែកចាយទំនិញថៃនៅកម្ពុជា។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ថៃរយៈពេល៧ ខែដើមឆ្នាំ២០១៦ មានទំហំទឹកប្រាក់ ៣,១០៨.៦១ លានដុល្លារ ធ្លាក់ចុះ៧.៧៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥ ដែលមានរហូតដល់ ៣៣១៧.១៩លានដុល្លារ នេះបើយោងតាម របាយការណ៍ផ្លូវការ របស់ស្ថានទូតថៃប្រចាំនៅកម្ពុជា។
របាយការណ៍ដដែលបានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ ការនាំចូលរបស់ប្រទេសថៃ មកកាន់កម្ពុជា បានធ្លាក់ចុះ១៧ភាគរយ ធ្លាក់ពី២៩២៥.៦០លានដុល្លារ នៅឆ្នាំ២០១៥ មកនៅត្រឹម២៤២៩.៤១លានដុល្លារ នៅឆ្នាំ២០១៦នេះ។ ដោយ ឡែកការនាំចេញ របស់កម្ពុជាទៅថៃវិញ បានកើនឡើងគួរឲ្យកត់សម្គាល់ កើនប្រមាណ៥២ភាគរយ កើនពី៤៤៥.៥៩លានដុល្លារ នៅឆ្នាំ ២០១៥ ដល់៦៧៩.២១លានដុល្លារ ក្នុងឆ្នាំ២០១៦៕