(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ មេដឹកនាំសហភាពសហជីព មេថ្នាក់ដឹកនាំសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងមេៗថ្នាក់ដឹកនាំសហព័ន្ធសហជីពនានា បានបង្ហាញអារម្មណ៍ក្រេវក្រោធខឹងសម្បារ និងមិនពេញចិត្តចំពោះ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ដែលបញ្ចេញរបាយការណ៍មួយស្តីពីស្ថានភាពសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជា ដែលមានចរិតអុជអាល រើសអើង ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចគ្រួសាររបស់កម្មករនិយោជិត និងស្ថេរភាពការងារ តាមរោងចក្រ សហគ្រាសនានា។

មេដឹកនាំតាមបណ្តាសហជីពទាំងនោះ បានចេញវីដេអូឆ្លើយតប និងចេញសេចក្តីថ្លែងការណ៍ទៅកាន់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ដោយបានបញ្ជាក់ថា យើងទាំងអស់គ្នា ជាថ្នាក់ដឹកនាំសហព័ន្ធសហជីព សមាគម ដែលតំណាងឱ្យសមាជិកសមាជិកា ដែលបំពេញការងារ ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលមានសមាជិកជាង ៤០,០០០នាក់ធ្វើការងារ និងប្រកបរបរក្រៅប្រព័ន្ធនៅប្រទេសកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសេដ្ឋកិច្ចក្នុងគ្រួសារ និងស្ថេរភាពការងារ នៅកន្លែងធ្វើការនៅពេលដែលយើងខ្ញុំទាំងអស់គ្នាបានឃើញនូវសកម្មភាពរបស់អង្គការសង់ត្រាល់។

សកម្មភាពរបស់អង្គការសង់ត្រាល់នេះ មិនបានជួយដល់បងប្អូនកម្មករនិយោជិតទូទៅនៅក្នុងប្រទេសកម្ពុជាឡើយ តែផ្ទុយទៅវិញសកម្មភាពរបស់អង្គការសង់ត្រាល់ បែរជាធ្វើឱ្យប៉ះពាល់ អារម្មណ៍អ្នកវិនិយោគទុនដែលមានស្រាប់ និងអ្នកវិនិយោគដែលកំពុងនឹងត្រៀមមកវិនិយោគនៅកម្ពុជាយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត សកម្មភាពអង្គការសង់ត្រាល់ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ដែលជៈឥទ្ធិពលដល់សេដ្ឋកិច្ចក្នុងគ្រួសារ និងស្ថេរភាពការងាររបស់កម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធទាំងអស់នៅក្នុងប្រទេសកម្ពុជា។

សហជីពសូមបញ្ជាក់ថា របាយការណ៍ដែលបង្ហាញដោយអង្គការសង់ត្រាល់ស្ដីពីសេរីភាព សហជីព ក្នុងប្រទេសកម្ពុជាមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតសម្រាប់ស្ថានភាពសហជីពនៅកម្ពុជាឡើយ។ វិស័យការងារនៅកម្ពុជាកាន់តែប្រសើរឡើង ហើយសិទ្ធិសេរីភាពរបស់សហជីពក៏កាន់តែប្រសើរឡើង ហើយកម្មករនិយោជិតយើងក៏ទទួលបានលក្ខខណ្ឌការងារកាន់តែប្រសើរនិងសមរម្យទាំងប្រាក់ឈ្នួលនិងលក្ខខណ្ឌផ្សេងៗផ្ទុយទៅវិញអង្គការសង់ត្រាល់ មុននឹងចេញរបាយការណ៍ មិនត្រូវកំណត់យកតែមតិភាគតិចហើយសន្និដ្ឋានជារួមឡើយ។

របាយការណ៍របស់សង់ត្រាល់ គ្មានមូលដ្ឋាន ដែលមិនអាចទទួលយកបាន ហើយវាយតម្លៃស្ថានភាពសហជីពនៅកម្ពុជាទាំងមូល សូមបញ្ជាក់ថា យោងរបាយការណ៍របស់ក្រសួង បច្ចុប្បន្នចំនួនបញ្ចិកាសហជីពមូលដ្ឋាននៅកម្ពុជា មានការកើនឡើងពីជាង៣ពាន់នៅឆ្នាំ២០១៦ ដល់ជាង៦ពាន់នៅឆ្នាំ២០២៤ ចំពោះការកើនឡើងសហជីពនៅកម្ពុជាទ្វេដងក្នុងរយៈពេលដ៏ខ្លីនេះត្រូវបានគេមើលឃើញថា កម្ពុជាមានសេរីភាពសហជីពពេញលេញគ្មានការរើសអើងផ្ទុយស្រឡះពីរបាយការណ៍របស់សង់ត្រាល់។

សកម្មភាពរបស់អង្គការសង់ត្រាល់ ដែលបានធ្វើកន្លងមក គឺមានភាពលម្អៀង រើសអើងមិនយុត្តិធម៌ មិនស្មើភាពតែងតែរំលោភបំពានជ្រៀតជ្រែកលើកិច្ចការជំនាញរបស់អង្គការវិជ្ជាជីវៈ(សហជីព) ហើយអង្គការសង់ត្រាល់មិនដែលលើកឡើងនូវភាពវិជ្ជមាន របស់កម្ពុជាលើឆាកអន្តរជាតិមិនតែប៉ុណ្ណោះធ្វើឱ្យអន្តរជាតិមានការយល់ច្រលំមកលើប្រទេសកម្ពុជា។ កត្តាទាំងអស់នេះហើយដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំសហព័ន្ធសហជីព សមាគម សមាជិក សមាជិកា តាមបណ្តា រោងចក្រ សហគ្រាស មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពអង្គការសង់ត្រាល់។

ម្យ៉ាងវិញទៀត អង្គការសង់ត្រាល់ ជាអង្គការសង្គមស៊ីវិលដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃមិនមែនជាអង្គការវិជ្ជាជីវៈដែលចុះបញ្ជីនៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទេ។ ផ្ទុយទៅវិញអង្គការសង្គមស៊ីវិល (សង់ត្រាល់) កន្លងមកបានធ្វើកម្មភាពជាច្រើន រំលោភសិទ្ធិកិច្ចការងាររបស់អង្គការវិជ្ជាជីវៈដែលហៅថា សហជីពរបស់កម្មករនិយោជិត ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

យើងខ្ញុំទាំងអស់គ្នាសំណូមពរ អង្គការសង់ត្រាល់បញ្ឈប់ធ្វើសកម្មភាពដែលប៉ះពាល់ជំនាញរបស់អង្គការវិជ្ជាជីវៈ(សហជីព)។ យើងខ្ញុំទាំងអស់គ្នាមានការសោកស្តាយយ៉ាងខ្លាំងដែលអង្គការ សង់ត្រាល់ ដែលបានធ្វើសកម្មភាពទាំងអស់នេះ ព្រោះកន្លងមកយើងខ្ញុំទាំងអស់គ្នាបានមើលឃើញយ៉ាងច្បាស់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានធ្វើដំណើរទៅកាន់ប្រទេសជាច្រើនក្នុងពិភពលោក ដើម្បីបង្ហាញអំពីសក្តានុពលរបស់កម្ពុជាដើម្បីឱ្យអ្នកវិនិយោគទុនចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា។

ទន្ទឹមនៅផងដែរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលដឹកនាំដោយលោករដ្ឋមន្ត្រី ហេង សួរ លោកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងកសាងទំនាក់ទំនងវិជ្ជាជីវៈជាមួយវិនិយោគទុនទាំងអស់ ដែលមកវិនិយោគទុននៅកម្ពុជាដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋខ្មែរឱ្យបានច្រើន និងគ្រប់ទីកន្លែងមិនតែប៉ុណ្ណោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្កើតនូវសាលាបណ្តុះបណ្តាលជំនាញដល់សិស្ស និស្សិត កម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធដើម្បីទទួលបាននូវជំនាញមួយច្បាស់លាស់អាចទទួលបានការងារល្អៗមានប្រាក់ខែល្អប្រសើរជាមុនបន្ថែមទៀត។

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សហព័ន្ធសហជីព និងសមាគម មានសង្ឃឹមយ៉ាងមុតមាំថា សេចក្តីថ្លែងការណ៍នេះ អង្គការសង់ត្រាល់នឹងបានឃើញ ហើយពិចារណាឡើងវិញ និងយល់អំពីក្តីព្រួយបារម្ភរបស់កម្មករនិយោជិត ហើយបញ្ឈប់សកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងស្ថេរភាពការងារកម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធ។

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សហ័ន្ធសហជីព សមាគម នឹងធ្វើការប្រមូលផ្តុំគ្នាតាមដែលអាចធ្វើបាននៅមុខការិយាល័យអង្គការសង់ត្រាល់ ប្រសិនបើអង្គការសង់ត្រាល់នៅតែបន្តសកម្មភាព ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងសេ្ថរភាពការងារកម្មករនិយោជិត ហើយយើងខ្ញុំទាំងអស់គ្នាប្រើប្រាស់សិទ្ធិជាកម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធប្តឹងអង្គការសង់ត្រាល់ទៅកាន់ស្ថាប័នមានសមត្ថកិច្ច និងម្ចាស់ជំនួយរបស់ អង្គការសង់ត្រាល់នៅបរទេសផងដែរ។ ម្យ៉ាងវិញទៀតយើងខ្ញុំទាំងអស់គ្នានឹងស្នើទៅក្រសួងមហាផ្ទៃ ដើម្បីធ្វើការស្រាវជ្រាវ បើកការស៊ើបអង្កេត ចំពោះជំនួយដែលអង្គការសង់ត្រាល់ទទួលមកធ្វើសកម្មភាពរំលោភបំពានមកលើសិទ្ធិអង្គការវិជ្ជាជីវៈដោយអនុវត្តន៍មិនស្មើភាព រើសអើង។ល៕