(ព្រះវិហារ)៖ ក្រុមក្មេងទំនើង២ក្រុម ចំនួន១២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងនគរបាលស្រុករវៀង ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្តាប់ ក្រោយក្មេងទំនើងទាំង២ក្រុមនេះ បានជិះម៉ូតូដេញវាយតប់គ្នាតាមផ្លូវ ប្រដាប់ដោយដាវ និងកាំបិត។

លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឱ្យដឹងនៅព្រលប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ថា ករណីក្មេងទំនើញទាំង២ក្រុម មានគ្នាចំនួន១៤នាក់ ដេញវាយតប់គ្នានេះ បានកើតឡើងនៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចអនុវិទ្យាល័យរស្មីរីករាយ ឃុំរីករាយ ស្រុករវៀង ឃើញសកម្មភាពបែបនេះ នគរបាលប៉ុស្តិ៍រដ្ឋបាលចុះអន្តរាគមន៍ភ្លាមៗ តែក្រុមក្មេងទំនើងទាំងនេះបានគេចខ្លួនបាត់។

នាយការិយាល័យ បានបញ្ជាក់ថា ក្រោយហេតុការណ៍កើតឡើង និងក្រោមការបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ លោកបានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ចុះប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ ដល់កន្លែងកើតហេតុ រហូតឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង២ក្រុម ចំនួន១២នាក់ និងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន០៧គ្រឿង ដាវចំនួន៤ដើម និងកាំបិតចំនួន២។

បច្ចុប្បន្នក្រុមក្មេងទំនើងទាំង២ក្រុម និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ ចំពោះក្មេងទំនើងដែលរត់គេចខ្លួន សមត្ថកិច្ច នឹងស្រាវជ្រាវតាមចាប់បន្តទៀត៕