(អេស្ប៉ាញ)៖ ក្នុងដំណើរទស្សនកិច្ចគោះទ្វារសេដ្ឋកិច្ច នៅថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា អមដំណើរដោយគណៈប្រតិភូកម្ពុជា រួមមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចុះទស្សនកិច្ចមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុន Acciona Energía ដែលជាក្រុមហ៊ុនដ៏ធំមួយមានប្រតិបត្តិការលើបច្ចេកវិទ្យាការផលិតថាមពលកកើតឡើងវិញ អស់រយៈពេលជាង៣០ឆ្នាំមកហើយ។

ក្នុងបទបង្ហាញជូនគណៈប្រតិភូកម្ពុជា ក្រុមហ៊ុន Acciona Energía បានជម្រាបជូនអំពីបេសកកម្មការងារ និងប្រតិបត្តិការវិនិយោគរបស់ខ្លួនក្នុងវិស័យថាមពលកកើតឡើងវិញ ពិសេសឯកទេសក្នុងការអភិវឌ្ឍន៍ និងការគ្រប់គ្រងដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុនផលិតថាមពលដ៏ធំមួយនេះ មានបុគ្គលិកជាង ៥៨,០០០នាក់ មកពី ៤០ប្រទេសផ្សេងៗគ្នាបម្រើការងារ។

សូមជម្រាបជូនថា បច្ចុប្បន្ននេះក្រុមហ៊ុន Acciona Energía មានគម្រោងទាញយកអគ្គិសនីដោយថាមពលខ្យល់មួយចំនួននៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនក៏មានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតផងដែរ៕