(អេស្ប៉ាញ)៖ ក្នុងដំណើរគោះទ្វារវិនិយោគនៅតំបន់អឺរ៉ុប នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាលើកិច្ចការវិនិយោគជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់អេស្ប៉ាញចំនួន៨ ដែលជាវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ រថភ្លើង វិស្វកម្ម និងសំណង់ ឱសថ សុខាភិបាល ការអប់រំ ធនធានទឹក និងថាមពល និងកសិកម្មជាដើម។

ក្រុមហ៊ុនដែលលោកឧបនាយករដ្ឋមន្ត្រី បានជួបនោះរួមមាន៖
១៖ ក្រុមហ៊ុន INSUD PHARMA ដែលជាក្រុមហ៊ុនឱសថល្បីល្បាញមួយមានជំនាញក្នុងការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការផលិតថ្នាំដែលមានគុណភាពខ្ពស់ និងបច្ចុប្បន្នមានប្រតិបត្តិការនៅប្រមាណជាង ៤០ប្រទេសរួចមកហើយ។
២៖ ក្រុមហ៊ុន CENTUNION គឺជាក្រុមហ៊ុនវិស្វកម្ម និងសំណង់ ដែលមានឯកទេសក្នុងការរចនា និងប្រតិបត្តិការគម្រោងឧស្សាហកម្មនៅទូទាំងពិភពលោក ជាមួយនឹងបទពិសោធន៍ប្រមាណ ៦០ឆ្នាំ លើគម្រោងដែលបានបញ្ចប់រួចរាល់ជាង៣០០ នៅ៥០ប្រទេសរួមមានតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
៣៖ ក្រុមហ៊ុន MELIA GROUP មានប្រតិបត្តិការអាជីវកម្មសណ្ឋាគារឈានមុខគេលំដាប់ពិភពលោក ជាមួយសណ្ឋាគារចំនួនជាង៣៨០ នៅក្នុងប្រទេសចំនួន៤០។ MELIA Hotels International កំពុងស្វែងរកដៃគូសហការនៅកម្ពុជា ដើម្បីពង្រីកសណ្ឋាគារ និងទេសចរណ៍ក្នុងប្រទេសផងដែរ។
៤៖ ក្រុមហ៊ុន MOLECOR គឺជាក្រុមហ៊ុនដែលមានឯកទេសក្នុងការផលិតបំពង់ PVC-O ដែលមានគុណភាពខ្ពស់។ បច្ចុប្បន្ននេះ ផលិតផលរបស់ក្រុមហ៊ុន MOLECOR ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសជាង២៥រួចមកហើយ។
៥៖ ក្រុមហ៊ុន CAF គឺជាក្រុមហ៊ុនដែលមានវត្តមាននៅប្រមាណ៤០ប្រទេសរួចមកហើយ ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើនក្នុងដំណោះស្រាយផ្លូវដែក រួមមានរថភ្លើងល្បឿនលឿន និងការថែទាំជាដើម។
៦៖ ក្រុមហ៊ុន BIORIZON BIOTECH គឺជាក្រុមហ៊ុនដែលមានមុខសញ្ញាផ្តោតលើជីវបច្ចេកវិទ្យា សម្រាប់វិស័យកសិកម្ម។
៧៖ ក្រុមហ៊ុន EDUCTRADE គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍ជាង៤០ឆ្នាំ ក្នុងគម្រោងជាច្រើន លើវិស័យសុខាភិបាល ការអប់រំ ធនធានទឹកនិងថាមពល នៅប្រមាណ៤០ប្រទេសទូទាំងពិភពលោក។
៨៖ ក្រុមហ៊ុន TALGO ជាក្រុមហ៊ុនដែលមានឯកទេសក្នុងការរចនា ផលិត និងថែទាំរថភ្លើង ដែលក្រុមហ៊ុននេះបានដាក់សាកល្បងប្រើប្រាស់ផ្លូវរថភ្លើងដំបូងរបស់ខ្លួនតាំងពីឆ្នាំ១៩៤១។

ក្នុងជំនួបនេះលោកឧបនាយករដ្ឋមន្ត្រី បានជម្រាបអំពីបេសកកម្ម និងការត្រៀមខ្លួនរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការសម្របសម្រួលកិច្ចការងាររបស់វិនិយោគិន ដើម្បីធានានូវជោគជ័យភាពរបស់បណ្ដាក្រុមហ៊ុនដែល​សម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា។

ដំណើរទស្សនកិច្ចនៅប្រទេសអេស្ប៉ាញនេះ ក្រៅពីជំនួបរវាងឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយក្រុមហ៊ុនទាំង៨ខាងលើហើយនោះ គណៈប្រតិភូកម្ពុជាអញ្ជើញអមដំណើរលោកឧបនាយករដ្ឋមន្ត្រី ដែលមានសមាសភាពមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, សភាពាណិជ្ជកម្មកម្ពុជា, សមាគមឧកញ៉ា, និងវិស័យឯកជនកម្ពុជា ក៏បានអញ្ជើញជួបពិភាក្សាការងារ (Business-to-Business_B2B) ជាមួយតំណាងក្រុមហ៊ុនប្រមាណជាង ៣០ផ្សេងទៀតរបស់អេស្ប៉ាញផងដែរ៕