(ពោធិ៍សាត់)៖ លោក ខូយ​ រីដា​ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ នៅសាលបន្ទប់រងចាំ បានបន្តទទួលថវិកាសប្បុរសធម៌ ពីលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ចំនួន៨០លានរៀល ដើម្បីចូលរួមអបអរសាទរ ខួបលើកទី១៦១ទិវាកាកបាទក្រហម​ អឌ្ឍចន្ទក្រហម ៨ ឧសភាព ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននឹងអាកាសធាតុ»។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា បានជម្រាបជូនថា​ ក្នុងឱកាសអបអរសាទរ ខួបលើកទី១៦១ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងភាពធននឹងអាកាសធាតុ» សម្រាប់ឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក ព្រះមន្ត្រីសង្ឃ លោកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជីវករ ពាណិជ្ជករ រោងចក្រ សហគ្រាស និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន តែងតែបានចូលរួមគាំទ្របរិច្ឆាគ ទាំងថវិកា និងសម្ភារៈ ទៅតាមលទ្ធភាព ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ពង្រឹងភាពធនសហគមន៍ និងជួយសម្រាលទុក្ខលំបាក ជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្របទៅតាមគោលការណ៍គ្រឹះ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

ជាក់ស្តែងដូចថ្ងៃនេះ ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនី ព្រមទាំងសហការី និងសប្បុរសជនជាសេវាករអគ្គិសនី ដែលមានសទ្ធាជ្រះថ្លា បរិច្ឆាគថវិកាជូនសាខា។ ជាមួយគ្នានោះ លោកបានសន្យាថានឹងយកថវិកាទាំងនេះ ទៅប្រើប្រាស់ ចាត់ចែង និងជួយទ្រទ្រង់សកម្មភាពមនុស្សធម៌ ឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះ ដោយប្រការផ្សេងៗ ទៅតាមគោលការច្បាស់លាស់ និងចំគោលដៅ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

 

គួរបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់​ នៅបន្តរង់ចាំទទួលអំណាយមនុស្សធម៌ របស់សម្ដេច អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនទាំងអស់ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់​ រៀងរាល់ម៉ោងធ្វើការ និងតាមរយ:ទូរស័ព្ទលេខ៖
ទី១៖ 012 835​ 211
ទី២៖ 012 962 637