(ភ្នំពេញ)៖ លោកឧបនាយករដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសរសេរអត្ថបទមួយ​ទៅ​កាន់សារព័ត៌មាន «The Straits Times» ការពារគុណតម្លៃ និងកិត្តិនាម​របស់​ព្រែកជីកហ្វូណនតេជោផងដែរ។

អត្ថបទរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឆ្លើយតបទៅនឹងការផ្សាយរបស់ទីភ្នាក់ងារ​សារព័ត៌មានបារាំង AFP។ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ សារព័ត៌មាន AFP បានផ្សាយអត្ថបទមួយពាក់ព័ន្ធនឹងព្រែកជីកហ្វូណនតេជោ ដោយដាក់ចំណងជើងថា «កម្ពុជា​នឹងចាប់ផ្តើមការដ្ឋានគម្រោងព្រែកជីកដែលមានភាពចម្រូងចម្រាសនៅខែសីហា»។

អត្ថបទដែលបានផ្ញើទៅកាន់ «The Straits Times» លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចាត់ទុកការផ្សាយនេះ មានអត្ថន័យចោទប្រកាន់មិនត្រឹមត្រូវអំពីគោលបំណង និងផលប៉ះ​ពាល់​បរិស្ថាននៃគម្រោងព្រែកជីកហ្វូណនតេជោ ហើយមិនបានលើកឡើង​ពី​ផលប្រយោជន៍​ដ៏ធំ​ធេង​ដែលគម្រោងនេះនឹងនាំមកជូនប្រជាជន សេដ្ឋកិច្ច បរិស្ថានរបស់កម្ពុជា និងលើសពីនេះ​ទៀត​។

លោកឧបនាយករដ្ឋមន្ត្រី បន្តអត្ថាធិប្បាយនៅក្នុងអត្ថបទទៀតថា គម្រោងព្រែកជីកហ្វូណន​តេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយមហិច្ឆិតា ក្នុងគោលបំណងលើកកំពស់សមត្ថភាព ដឹកជញ្ជូន និងឯករាជ្យភាពសេដ្ឋកិច្ចរបស់កម្ពុជា។ គម្រោងនេះត្រូវបានរចនាឡើងសម្រាប់បម្រើ​ឱ្យការប្រើប្រាស់របស់ប្រជាជនទូទៅ និងគ្មានគោលបំណង ឬផែនការសម្រាប់ការប្រើប្រាស់របស់នាវាយោធានោះទេ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា យោងតាមមាត្រាទី៥៣ នៃរដ្ឋធម្មនុញ្ញព្រះរាជា​ណា​ចក្រកម្ពុជា ការតាំងមូលដ្ឋានយោធាបរទេសនៅក្នុងទឹកដីរបស់ប្រទេសកម្ពុជា​ត្រូវបានហាម​ឃាត់​ជាដាច់ខាត ដែលនេះអាចធានាបានថាព្រែកជីក នឹងមិនត្រូវបាន
ប្រើប្រាស់សម្រាប់បម្រើដល់គោលបំណងយោធានោះទេ។

សម្រាប់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានយ៉ាងលម្អិត ដោយមានការចូលរួមពីអ្នកជំនាញ​អន្តរ​ជាតិ​ចំនួន៤៨នាក់ ធានាបានថាគម្រោងព្រែកជីកនេះ នឹងមិនមានផលប៉ះពាល់ទៅ​លើទន្លេ​មេ​គង្គឡើយ។

ម៉ូដែលធារាសាស្រ្តបានព្យាករណ៍ថា ការប៉ះពាល់ទៅលើរំហូរទឹកទន្លេមេគង្គមានត្រឹមតែ ០,០៦ភាគរយប៉ុណ្ណោះ នៅក្នុងរដូវប្រាំង និងមិនមានផលប៉ះពាល់សោះឡើយនៅក្នុងរដូវវស្សា។

គម្រោងនេះនឹងបង្កើតឱ្យមានជម្រកសត្វថ្មីៗ ហើយការពារការជ្រៀតចូលនូវទឹកប្រៃ ដែលផ្តល់នូវ​ការ​ការពារដល់ជីវចម្រុះនៅដីសណ្តទន្លេមេគង្គ។

ជាមួយនឹងការតភ្ជាប់ដោយផ្ទាល់តាមរយៈផ្លូវទឹក រវាងទីក្រុងភ្នំពេញនិងសមុទ្រខេត្តកែប ព្រែក​ជីក​នេះ នឹងលើកកម្ពស់ប្រសិទ្ធិភាពពាណិជ្ជកម្មរបស់កម្ពុជា បង្កើតការងារ ជំរុញការអភិវឌ្ឍរោងចក្រ​ឧស្សា​ហកម្ម ជំរុញទេសចរណ៍ ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្រ្ត និងទាក់ទាញការ​វិនិ​យោគដោយផ្ទាល់ពីបរទេស។ ផលប្រយោជន៍ទាំងនេះនឹងធ្វើឱ្យទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជាមានការផ្លាស់ប្តូរ ប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលភស្ដុភារកម្មដ៏សំខាន់នៅក្នុងតំបន់៕

តំណរភ្ជាប់ទៅកាន់អត្ថបទផ្សព្វផ្សាយទាំងស្រុង៖ https://www.straitstimes.com/opinion/forum/forum-canal-will-bring-significant-benefits-to-cambodia