(ឧត្តរមានជ័យ)៖ អយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ បានសម្រេចចោទប្រកាន់ ក្មេងទំនើង៩នាក់ ក្នុងនោះមាន៣នាក់ ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម និង៦នាក់ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើប៉ុនប៉ងឃាតកម្ម។

ក្មេងទំនើងទាំងនេះ បានធ្វើសកម្មភាពកាន់កាំបិតតាំងតោមួយដើម និងកាំបិតខ្វែវពីរដើម ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះម្នាក់ នៅចំណុចផ្លូវលេខ២ ស្ថិតនៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងពីរ និងសាមសិបនាទីយប់។

ក្រោយធ្វើការស៊ើបអង្កេត កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ ១.ឈ្មោះ ណុង ណយ ហៅមករា ភេទប្រុស អាយុ១៦ឆ្នាំ, ២.ឈ្មោះ វាំង ស៊ីហៃ ភេទប្រុស អាយុ១៧ឆ្នាំ, ៣.ឈ្មោះ ចាន់ ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ, ៤.ឈ្មោះ ម៉ិច សុភី ហៅភ្លោះ ភេទប្រុស អាយុ១៧ឆ្នាំ, ៥.ឈ្មោះ បូ ម៉ិញទី ហៅផាត់ ភេទប្រុស អាយុ១៩ឆ្នាំ ចំណែកជនសង្ស័យចំនួន០៤នាក់ទៀតបានរត់គេចខ្លួនមាន ១.ឈ្មោះ អ៊ុត សីហាក់ ភេទប្រុស អាយុ១៧ឆ្នាំ, ២.ឈ្មោះ មាត ថៃ ហៅញីញ ភេទប្រុស អាយុ១៨ឆ្នាំ, ៣.ឈ្មោះ អ៊ុល រដ្ឋធា ភេទប្រុស អាយុ១៨ឆ្នាំ និង៤.ឈ្មោះ សួន ណារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មាន។

ក្រោយពីបានទទួល និងពិនិត្យទៅលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់ ជនសង្ស័យចំនួន០៣នាក់ ពីបទ៖ ប៉ុនប៉ងឃាតកម្ម(ប្រើកាំបិតកាប់បណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ) តាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។ ជនសង្ស័យចំនួន៦នាក់ទៀត ពីបទ ៖ សមគំនិតក្នុងអំពើប៉ុនប៉ងឃាតកម្ម តាមមាត្រា ២៧ មាត្រា ២៩ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខៈ១៣៨ អ.យ/២៤ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៤៕