(ភ្នំពេញ)៖ លោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមេធាវីរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ បានបន្ដជួបជាមួយជនរងគ្រោះចំនួន៣១៩នាក់ ក្នុងសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលជាក្រុមជាទី៤។ ជំនួបនេះធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ថ្លែងក្នុងឱកាសនោះ លោក គី តិច បានអះអាងថា ក្រោយទទួលបានការប្រគល់សិទ្ធិពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រុមមេធាវីរាជរដ្ឋាភិបាល បានចាត់ចែងក្រុមការងារបន្ទាន់ភ្លាមៗ ដើម្បីផ្ដល់មធ្យោបាយជូនប្រជាពលរដ្ឋដែលជាជនរងគ្រោះ។

លោក គី តិច បានគូសបញ្ជាក់ថា ជំហានបន្ទាប់លោកនឹងដឹកនាំមេធាវីរាជរដ្ឋាភិបាល ចុះតាមបណ្ដាខេត្តតែម្ដងដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ សំដៅកាត់បន្ថយការចំណាយក្នុងការងារធ្វើដំណើរមករាជធានីភ្នំពេញ។ ខេត្តដែលជាគោលដៅនោះ អាចខេត្តសៀមរាប ឬខេត្តបន្ទាយមានជ័យជាដើម។

លោកបានបញ្ជាក់ថា ការជួបជាមួយប្រជាពលរដ្ឋលើកទី៤ ជាង៣០០នាក់នៅពេលនេះ ក្រោយក្រុមមេធាវីរាជរដ្ឋាភិបាលបានជួបជាមួយជនរងគ្រោះលើករួចមកហើយ។ លោកថា តាមព័ត៌មានដែលលោកទទួលបាន មានប្រជាពលរដ្ឋជាង៣,០០០នាក់ ដែលអះអាងថា ជនរងគ្រោះក្នុងករណីនេះ។

បើតាមលោកមេធាវី គី តិច, ការជួបប្រជាពលរដ្ឋរងគ្រោះនៅពេលនេះ ក៏មិនខុសពីលើកមុនៗដែរ ពោលធ្វើឡើងក្នុងគោលបំណងធំចំនួន២ រួមមាន ទី១៖ ការប្រគល់សិទ្ធិជាតំណាងដោយស្របច្បាប់ជូនមេធាវី តាមរយៈការផ្ដិតមេដៃដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំ និងទី២៖ ប្រមូលយកភស្ដុតាងដែលបញ្ជាក់ថា ពួកគាត់ជាជនរងគ្រោះយ៉ាងពិតប្រាកដ។

លោកបានពន្យល់ថា នៅពេលជនរងគ្រោះប្រគល់សិទ្ធិរួចរាល់ហើយនោះ មេធាវីមានសិទ្ធិទៅការពារក្ដីក្នុងសំណុំរឿងដែលប្រគល់សិទ្ធិប៉ុណ្ណោះ ពោលមិនអាចទៅអនុវត្តអ្វីដែលលើសនេះឡើយ ដូច្នេះហើយសូមជនរងគ្រោះទាំងអស់កុំព្រួយបារម្ភ។

លោក គី តិច បានបន្ថែមទៀតថា កន្លងមកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តែងតាមដានជាប់ជាប្រចាំចំពោះការវិវឌ្ឍន៍ថ្មីៗ ក្នុងសំណុំរឿងនេះ។ លោកថា កន្លងមកការយកចិត្តទុកដាក់បង្ហាញឲ្យបានឃើញ តាមរយៈចាប់ជនពាក់ព័ន្ធ និងបញ្ចប់មុខងារឧកញ៉ា និងកំពុងស្វះស្វែងគ្រប់មធ្យោបាយទាំងអស់ ដើម្បីជួយជនរងគ្រោះ។ លោកសង្កត់ធ្ងន់ថា បច្ចុប្បន្នបុគ្គល ឡេង ចាន់ណា កំពុងស្ថិតក្នុងពន្ធនាគារ ក្រោមចំណាត់ការច្បាប់យ៉ាងម៉ឺងម៉ាត់។

លោកបានបង្ហើបថា រាជរដ្ឋាភិបាលបានចាត់បញ្ជាក្រុមការងារជំនាញមួយក្រុមទៀត ដើម្បីស្រាវជ្រាវរកទ្រព្យសម្បត្តិរបស់បក្ខពួកអតីតឧកញ៉ា ឡេង ចាន់ណា ដែលបានពីការឆបោកប្រជាពលរដ្ឋនាពេលកន្លងទៅនេះ។

លោកមេធាវី គី តិច បានសង្កត់ធ្ងន់ថា ការប្រគល់សិទ្ធិដោយស្របច្បាប់នៅពេលនេះ ដើម្បីឲ្យមេធាវីរាជរដ្ឋាភិបាលតតាំងក្ដីតាមផ្លូវតុលាការ គឺមិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ។ លោកកត់សម្គាល់ថា នេះជាលើកទី១ហើយ ដែលរាជរដ្ឋាភិបាលបញ្ជូនមេធាវីររដ្ឋាភិបាល ទៅជួយការពារប្រជាពលរដ្ឋក្នុងសំណុំរឿងឯកជន។

សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែឧសភា, ថ្ងៃទី០២ និងថ្ងៃទី០៥ ខែមិថុនាកន្លងទៅនេះ លោកមេធាវី គី តិច ក៏បានជួបជាមួយជនរងគ្រោះ ចំនួន៣លើករួចមកហើយ សរុបប្រមាណជាង១,០០០នាក់។ ការជួបនេះនឹងធ្វើឡើងជាបន្ដបន្ទាប់ រហូតទាល់តែគ្រប់ចំនួននៃជនរងគ្រោះ ដើម្បីទទួលយកព័ត៌មានផ្សេងៗ និងបញ្ចប់រាល់ចម្ងល់ទាំងអស់របស់ជនរងគ្រោះ។

សូមទស្សនាការផ្ដល់បទសម្ភាសរបស់លោក គី តិច ទាំងស្រុងនៅខាងក្រោមនេះ៖