(ភ្នំពេញ)៖ លោកស្រី ប៉ែន សុខមាន អាយុ ៥២ឆ្នាំ នៅរស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខរបរជាសន្ដិសុខ សព្វថ្ងៃជាស្ដ្រីមេម៉ាយម្នាក់ គ្មានកូនតែត្រូវចិញ្ចឹមក្មួយតូចៗចំនួន ២នាក់ កំព្រារឪពុកម្ដាយនិងមានម្ដាយចាស់ជរាម្នាក់ទៀត អាយុ ៨១ឆ្នំា នៅក្នុងបន្ទុក។

តែជាអកុសលស្ដ្រីរូបនេះបានធ្លាក់ខ្លួនឈឺជាទម្ងន់ ដោយសារជំងឺរុំារ៉ៃមិនដឹងមុខ ក៏សម្រេចមកពិនិត្យតាមដានសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត គ្រូពេទ្យក៏តម្រូវឱ្យធ្វើការពិនិត្យតាមដានឱ្យបានទៀងទាត់ ដើម្បីដឹងពីស្ថានភាពជំងឺ, តែដោយសារមិនសូវមានការឈឺចុកចាប់ទៀត ស្ដ្រីមេម៉ាយរូបនេះ ក៏មិនបានទៅជួបជាមួយគ្រូពេទ្យទៅតាមការណាត់ ទោះការពិនិត្យព្យាលបាលដោយប្រើប្រាស់បណ្ណសមធម៌ ជាបន្ទុករបស់រាជរដ្ឋាភិបាលក៏ដោយ។

ប៉ុន្ដែរយៈពេលជាង ១ឆ្នាំចុងក្រោយនេះ ជំងឺរបស់ស្ដ្រីមេម៉ាយរូបនេះ បានលេចចេញនូវរូបរាងពោះកាន់តែធំទៅៗ ឈឺចុកចាប់ពិបាកក្នុងខ្លួន មិនអាចដើរបានដូចមុន បានត្រឹមរំកិលខ្លួនតិចៗ និងមិនអាចទៅបំពេញការងារចិញ្ចឹមជីវិតដូចមុន បានធ្វើឱ្យស្ដ្រីជាអ្នកជំងឺនេះ គ្មានទីពឹង ហើយបន្ទុកទាំងនោះត្រូវបានធ្លាក់ទៅម្ដាយរបស់ខ្លួនជារ៉ាប់រងទាំងស្រុង។ ដោយសារភាពចាស់ជរាពេក ម្ដាយរបស់ស្ដ្រីអ្នកជំងឺ អាយុ ៨១ឆ្នាំ មិនអាចធ្វើការងារអ្វីបាន ក៏បានត្រឹមតែដើររើសអេតចាយ យកលុយមកចិញ្ចឹមកូន និងចៅៗទាំងពីរ។

ក្រោយទទួលបានដំណឹងពីការលំបាកវេទនាខាងលើនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទាក់ទងទៅអាជ្ញាធរនៅក្នុងខណ្ឌសែនសុខ ចុះទៅពិនិត្យករណីខាងលើនេះ ក៏ឈានទៅដល់ការរកឃើញ ជាមួយគ្នានោះដែរសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានចាត់តំណាងនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនដល់គ្រួសារអ្នកជំងឺ បន្ទាប់មកអាជ្ញាធរខណ្ឌសែនសុខ ក៏បានបញ្ជូនអ្នកជំងឺ ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិនិត្យព្យាបាល។

ក្រោមអនុសាសន៍ណែនាំរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន, លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានចាត់ឱ្យក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត ចាំទទួលអ្នកជំងឺ និងយកមកពិនិត្យព្យាបាល ជូនស្ដ្រីក្រខ្សត់ខាងលើនេះដោយឥតគិតថ្លៃ រួមទាំងការហូបចុក របស់គ្រួសារអ្នកជំងឺផងដែរ។

ស្រ្ដីជាអ្នកជំងឺរូបនេះ បានទៅដល់មន្ទីរពេទ្យកាល់ម៉ែត នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោយពីការវាយតម្លៃដោយក្រុមគ្រូពេទ្យជំនាញរួចរាល់ អ្នកជំងឺត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅផ្នែករោគស្ត្រី។ លុះនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅវេលាម៉ោង ១២៖៣០នាទី អ្នកជំងឺបានបញ្ជូនទៅបន្ទប់វះកាត់។ ក្រោយការវះកាត់ប្រព្រឹត្តទៅអស់រយៈពេល ៣ម៉ោង ពីក្រុមគ្រូពេទ្យ គឺទទួលបានជោគជ័យល្អណាស់។

តាមការបញ្ជាក់បន្ថែមរបស់លោកវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ដ្រី នៅមន្ទីរពេទ្យកាល់ម៉ែត បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឱ្យដឹងថា «អ្វីដែលយើងបារម្ភ គឺខ្លាចដុំសាច់នោះជាសាច់កាច ប៉ុន្ដែក្រោមការវះកាត់ និងពិភាក្សាគ្រប់ផ្នែកពាក់ព័ន្ធ ក្រុមគ្រូពេទ្យវះកាត់ទូទៅ ផ្នែកតម្រងនោម និងសណ្ដំ ពិសេសការចូលរួមពីអ្នកជំនាញពិនិត្យដុំសាច់ផ្ទាល់។ តែសំណាងល្អណាស់ក្រោយការពិនិត្យទៅ មិនមែនជាដុំសាច់កាច អីចឹងយើងវះយកតែដុំគីសចេញ ដែលក្នុងនោះគ្រាន់តែទឹកនៅក្នុងពោះនោះ មានរហូតដល់ទៅជាង២០លីត្រ ចឹងបើគិតទាំងសាច់គីសទៀត ប្រមាណ ២៥គីឡូក្រាម»

«ជាលទ្ធផលក្រុមការងារវះកាត់ ធ្វើបានជោគជ័យ ហើយមកដល់ថ្ងៃនេះ អ្នកជំងឺមានសភាពល្អប្រសើរច្រើនណាស់ ។ ជំងឺគាត់ យើងសង្ឃឹមថានឹងជាសះស្បើយឆាប់ៗនេះ ប្រហែលជា ២-៣ថ្ងៃទៀត នឹងអាចត្រឡប់ទៅគេហដ្ឋានបានវិញហើយ»។ នេះបើតាមការឱ្យដឹងរបស់លោកវេជ្ជបណ្ឌិត។

ក្នុងឱកាសដែលលោកវេជ្ជបណ្ឌិតចុះទៅពិនិត្យតាមដានសុខភាពអ្នកជំងឺ ក្រោយការវះកាត់ដ៏ជោគជ័យនេះ ស្ដ្រីអ្នកជំងឺរូបនេះ បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង ជាមួយស្នាមញញឹមដ៏មានសង្ឃឹមជាថ្មី និងបានលើកដៃប្រណមថ្លែងអំណរគុណអ្នកមានគុណ មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ដែលបានជួយជីវិតគាត់ផុតពីសេចក្ដីស្លាប់​។ ក្នុងនោះស្ដ្រីអ្នកជំងឺរូបនេះ ក៏បានថ្លែងអរគុណដល់ក្រុមគ្រូពេទ្យទាំងអស់​ ដែលបានជួយព្យាបាលវះកាត់ និងមើលថែខ្លួនបានយ៉ាងល្អ ក្រោមការចង្អុលបង្ហាញរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងលោកសាស្ដ្រាចារ្យ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត។

សម្រាប់គ្រួសារអ្នកជំងឺ ដែលត្រូវជាក្មួយ មកមើលថែអ្នកជំងឺវិញ បានឈររំភើបត្រេកអររហូតហូរទឹកភ្នែក និងប្រាប់ពីអារម្មណ៍របស់ខ្លួនថា «ខ្ញុំសប្បាយចិត្ដណាស់ពេលឃើញគាត់វះកាត់បានជោគជ័យ សុខភាពគាត់បានល្អប្រសើរវិញ លែងពិបាកដូចមុន ស្ពាយពោះយ៉ាងធំ ទម្ងន់ដល់ទៅជាង ២៥គីឡូ រំកិលដើម្បីបន្លាស់ខ្លួនដូចមុនទៀតហើយ។ ខ្ញុំសូមគោរពអំណរគុណដល់មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានជួយកូនចៅក្រីក្រ ក្រៅពីផ្ដល់អំណោយដល់ពួកខ្ញុំហើយ បានជួយមីងខ្ញុំឱ្យមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតថែមទៀត ហើយអត់អស់លុយសូម្បីតែមួយរយខ្មែរច្រៀតជាបួន។ ទន្ទឹមនឹងនោះ ខ្ញុំសូមថ្លែងអំណរគុណដល់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងសូមថ្លែងអំណរគុណ ដល់លោកសាស្ដ្រាចារ្យ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត រួមទាំងក្រុមគ្រូពេទ្យដែលបានមើលថែ និងព្យាបាលវះកាត់មីងខ្ញុំយ៉ាងយកចិត្ដដាក់ ប្រកបដោយសុវត្ថិភាព»

គូរបញ្ជាក់ថា លោកស្រី ប៉ែន សុខមាន ជាស្ដ្រីមេម៉ាយ រយៈពេល ១៨ឆ្នាំមកហើយ រស់នៅជាមួយម្ដាយចាស់ជរា អាយុ ៨១ឆ្នាំ នៅក្នុងផ្ទះជួលដ៏តូចមួយក្នុងមួយខែបង់ ៥ម៉ឺនរៀល។ មុនស្ដ្រីអ្នកជំងឺធ្លាក់ខ្លួនឈឺ គឺមានមុខរបរជាសន្ដិសុខ ដើម្បីចិញ្ចឹមជីវិតខ្លួន ម្ដាយ និងក្មួយតូចៗពីរនាក់ ។ដោយសារអត់លុយផង និងមានបន្ទុកត្រូវរ៉ាប់រងផង ស្ដ្រីមេម៉ាយដ៏កំសត់ និងពូកែស៊ូម្នាក់នេះ មិនបានយកចិត្ដទុកដាក់នឹងខ្លួនឯងនោះទេ ហើយមិនបានយល់ដឹងពីសុខភាពផងទៀតនោះ បានប្រើប្រាស់ថ្នាំបុរាណខ្មែរ គ្មានប្រភពច្បាស់លាស់។

ជុំវិញនឹងបញ្ហាសុខភាពនេះ លោកវេជ្ជបណ្ឌិត គាន់ អូន បានផ្ដល់សារសុខភាពជូនដល់ប្រជាពលរដ្ឋថា «សូមមេត្ដាបងប្អូនប្រជាពលរដ្ឋទាំងអស់ មកពិនិត្យសុខភាពជាប្រចាំ ជាពិសេសស្ដ្រីយើង ត្រូវតាមដានពិនិត្យសុខភាព ជារៀងរាល់ ៦ខែម្ដង ឬមួយឆ្នាំម្ដង ទោះខ្លួនមិនឈឺក៏ដោយ ចំពោះបញ្ហាសុខភាពសូមកុំធ្វេសប្រហេសឱ្យសោះ» ។សុខភាពល្អ ទើបអាចប្រកបកិច្ចការងារបានរលូន, កាលណាបើមានជំងឺហើយ នោះនឹងធ្វើអ្វីមិនកើត ដែលធ្វើឱ្យបាត់បង់ទាំងចំណូល ប៉ះពាល់ដល់ទាំងសេដ្ឋកិច្ចគ្រួសារ សុខភាព និងអាចឈានទៅដល់បាត់បង់ជីវិតផងដែរ៕

​រួបភាពមុនពេលវះកាត់

រូបភាពក្រោយពេលវះកាត់