(ពោធិ៍សាត់)៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត រៀបចំថ្វាយទាន ធូប កម្រងផ្កា និងគ្រឿងរន្តាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដើម្បីបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងថ្ងៃប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ អាណត្តិទី៤ ឆ្នាំ២០២៤។

ពិធីនេះត្រូវបានធ្វើឡើង នៅបូជនីយដ្ឋានលោកឧកញ៉ា ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ក្បែងនឹងផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក លឹម សុខតូ អភិបាលរងខេត្ត តំណាងលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោក លោកស្រី ជាក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត និងមន្ត្រីអ្នកមុខអ្នកការជាច្រើនទៀត។

ក្នុងឱកាសនោះ លោក ម៉ក់ រ៉ា ក៏បានបួងសួងសុំឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ តាមជួយថែរក្សាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ឱ្យបម្រើការងារជូនរាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ប្រកបដោយជោគជ័យ ប្រជាពលរដ្ឋមានមុខរបរ បង្កបង្កើនផល ទទួលបានភោគផលច្រើន និងចៀសផុតពីជំងឺដ៏កាចសាហាវផ្សេងៗ។ ម្យ៉ាងវិញទៀតសូមបារមី លោកឧកញ៉ា និងជំទាវ ពិសេសទេវតាឆ្នាំថ្មី និងបារមីរក្សាការពារ ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ សូមជូនពរជ័យមន្ត្រីតូចធំ ប្រជារាស្ត្រ ឱ្យបានសុខដុម មានកម្លាំងម៉ាំមួន ផ្តុំកសាងជាតិមាតុភូមិ ឱ្យរីកចម្រើន និងសុខសន្តិភាព ជារៀងរហូតតរៀងទៅ។

ពិតណាស់ភាពល្បីល្បាញ និងពូកែស័ក្កិសិទ្ធ របស់លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ បានធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋក្នុងនឹងក្រៅប្រទេស ដែលបានធ្វើដំណើរឆ្លងកាត់ខេត្តម្តងម្កាល តែងតែចូលគោរពអុជធូបបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ពីបារមីលោកឧកញ៉ា ស្ទើរតែគ្រប់ៗគ្នា ទោះបីរូបរាងកាយរបស់លោក បានផុតរលត់ក៏ដោយ។ ដូច្នេះហើយទើបបានជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំខេត្ត តែងធ្វើពិធីឡើងរោង ​ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ​មិន​ដែលអាក់​ខាន ​ដើម្បី​រំលឹក​នូវ​គំរូ​វីរភាព​ដ៏​អង់អាច ​ក្លាហាន ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ផង និងសុំ​សេចក្ដីសុខ​សេចក្ដីចម្រើន​ផង។

សូមជម្រាបជូនថា ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ចំនួន២១រូប ក្នុងអាណត្តិទី៤ ឆ្នាំ២០២៤នេះ ត្រូវបានប្រកាសចូលកាន់មុខតំណែង នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមវត្តមានលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត៕