(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានបង្ហាញវឌ្ឍនភាពការងារ ដែលអគ្គាធិការដ្ឋានសម្រេចបាន ក្នុងរយៈពេលជិតពាក់កណ្តាល ឆ្នាំ២០២៤នេះ។

លោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ បានបញ្ជាក់ថា គិតមកដល់ដើមត្រីមាសទី១ ឆ្នាំ២០២៤ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ គោរពស្នើសុំគោលការណ៍ ពីថ្នាក់ដឹកនាំក្រសួង ក្នុងការដាក់ទណ្ឌកម្ម ចំពោះមន្ដ្រី និងណែនាំដល់អង្គភាពចំណុះក្រសួងមហាផ្ទៃ មានដូចខាងក្រោម៖

* បណ្ដេញចេញពីក្របខ័ណ្ឌចំនួន ៤រូប
* ដកហូតមុខតំណែងចំនួន ៩រូប
* បន្ថយឋានន្តរស័ក្តិចំនួន ៩រូប
* សម្រួលភារកិច្ចចំនួន ១៣រូប
* លុបឈ្មោះចេញពីបញ្ជីឡើងថ្នាក់ ចំនួន៣រូប
* ព្រមានលើកទីមួយចំនួន ៤រូប
* ស្តីបន្ទោសចំពោះចំនួន ១៦រូប និងអប់រំចំនួន១រូប
* ណែនាំជាលាយលក្ខណ៍អក្សរ ដល់មន្ត្រីសរុបចំនួន ១៨រូប
* ណែនាំទៅអង្គភាព១៦អង្គភាព។

បន្ថែមពីនោះទៀត ឧត្តមសេនីយ៍ឯក ឯម វិចិត្រ បានឲ្យដឹងថា នៅដើមឆមាសទីមួយ ឆ្នាំ២០២៤ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងចំនួន៤៨៧ច្បាប់ ក្នុងនោះ ដោះស្រាយបញ្ចប់ ចំនួន៨៤បណ្ដឹង, បង្វែរជូនអង្គភាពពាក់ព័ន្ធពិនិត្យដោះស្រាយ ចំនួន១៧០បណ្ដឹង និងកំពុងចាត់ចែងតាមនីតិវិធីចំនួន២៣៣បណ្ដឹង៕