(កំពង់ឆ្នាំង)៖ បើទោះជារដូវនេះជារដូវបិទនេសាទក៏ដោយចុះ តែបច្ចុប្បន្នគេនៅតែសង្កេតឃើញឈ្មួញរកស៊ីដឹកលៀសខុសច្បាប់មួយចំនួននៅតែបន្តដឹកលៀសតាមទូកយកមកឡើងរថយន្ត នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់ស្ទើររាល់យប់រាប់តោន ខណៈមន្ត្រីជំនាញអះអាងថា ការប្រព្រឹត្តបទល្មើសខុសច្បាប់ណាមួយមិនមានមន្ត្រី ឬអាជ្ញាធរណាអនុញ្ញាតឱ្យធ្វើដូច្នោះឡើយ។ ចំពោះករណីការដឹកជញ្ជូនលៀសខាង លើនេះលោកបានចាត់ឲ្យមន្ត្រីរដ្ឋបាលជលផលឃ្លាំមើល និងចាត់ការហើយ។

ករណីដែលឈ្មួញនៅតែបន្តដឹកលៀសយកមកឡើងរថយន្តនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់ស្ទើររាល់យប់ទាំងក្នុងរដូវបិទនេសាទដូចខាងលើនេះ ត្រូវបានប្រជាពលរដ្ឋរិះគន់ថា ហេតុដូចម្ដេចក៏ឈ្មួញទាំងនេះ ហ៊ានប្រព្រឹត្តទង្វើផ្ទុយទៅនឹងច្បាប់ស្ដីពីជលផល ពិសេស គឺការធ្វើសកម្មភាពដឹកលៀសមានលក្ខណៈទ្រង់ទ្រាយធំ ដោយដឹកតាមរថយន្តធន់ធំមានចំណុះរាប់តោន ដោយគេបានធ្វើសកម្មភាពនៅក្នុងរដូវបិទនេសាទទៀតផង តើគេអាចធ្វើបានដោយរបៀបណា?។

ករណីនេះពួកគាត់បានរាយការណ៍ទៀតថា ភូមិសាស្ត្រដែលត្រូវបានក្រុមឈ្មួញដឹកលៀសយកមកឡើងរថយន្តខាងលើនេះ រួមមាន៖

*ទី១៖ ស្ថិតនៅចំណុចព្រែកក្រពើពុល ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ
*ទី២៖ ឡើងនៅចំណុចចុងកោះ ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ប្រជាពលរដ្ឋសំណូមពរដល់មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ សូមអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងឱ្យបានស្មើភាពគ្នា ជាពិសេសគឺអនុវត្តឲ្យបានត្រឹមត្រូវទៅតាមច្បាប់ស្ដីពីជលផលដែលមានស្រាប់ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិក្នុងបឹងទន្លេសាប។

ទន្ទឹមនឹងនេះពួកគាត់ក៏សូមសំណូមពរដល់បងប្អូនជាអ្នកមានមុខរបរនេសាទ ធ្វើយ៉ាងណាអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងរដូវបិទនេសាទនេះគឺកុំប្រើឧបករណ៍នេសាទណា ដែលច្បាប់ហាមឃាត់ ពិសេសគឺឧបករណ៍ស្បៃមុងដែលឧបករណ៍ប្រភេទនេះវាបានបំផ្លាញពូជមច្ឆាជាតិទាំងកូនទាំងមេ។

ជុំវិញករណីការឡើងលៀសដឹកតាមរថយន្តក្នុងរដូវបិទនេសាទដោយខុសច្បាប់ខាងលើនេះលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០២៤ថា កាលពីម្សិលមិញ មានគេប្រាប់លោកដែរ ហើយលោកក៏បានចាត់ឱ្យលោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង ចុះទៅពិនិត្យ និងចាត់ការម្ដងហើយ។ តែអម្បាញ់មិញនេះមានគេរាយការណ៍ មកលោកថា មានលៀសឡើងទៀត ហើយលោកក៏បានចាត់ឲ្យលោក តាត សីហាក់ ទៅពិនិត្យមើលតាមជាក់ស្ដែងម្ដងទៀតផងដែរ។

លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង ក៏បានប្រាប់បណ្ដាញព័ត៌មាន Fresh New s នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ថា បើតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា លៀសមានឡើង២ចំណុច ចំណុចទី១ គឺឡើងនៅវត្តថ្នល់ ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ និងចំណុចទី២ គឺឡើងនៅចំណុចបុពាំង ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

ចំពោះការដឹកជញ្ជូនលៀស ធ្វើអាជីវកម្មខាងលើនេះ លោកបញ្ជាក់ថា ប្រសិនបើលៀសនោះមានទំហំតូចល្អិតមានទំហំក្រោមក្រឡា២ហ៊ុនកន្លះ លោកមិនអនុញ្ញាតឱ្យដឹកចេញបានទេ គឺត្រូវយកលៀសនោះចាក់ចូល ទៅក្នុងទន្លេវិញ។

ចំណែកលៀសដែលមានទំហំធំជាងក្រឡា២ហ៊ុនកន្លះឡើងទៅ គឺលៀសដែលអាចយកស្ងោរ ឬក៏ហាលហូបបាន គឺមិនមានការហាមឃាត់នោះឡើយ។ ចំពោះរថយន្តដឹកជញ្ជូនលៀសប្រសិន បើមានច្បាប់អនុញ្ញាត ឬមានអាជ្ញាប័ណ្ណធ្វើអាជីវកម្មត្រឹមត្រូវ ក៏មិនត្រូវបានហាមឃាត់នោះដែរ តែបើរថយនោះ មិនមានច្បាប់ ឬអាជ្ញាប័ណ្ណធ្វើអាជីវកម្មនោះទេ គឺត្រូវធ្វើការផាកពិន័យអន្តរការ ចំពោះករណីខាងលើនេះលោកនឹងឆែកទៅសង្កាត់សិន ដោយសារពេលនេះលោកកំពុងជាប់ប្រជុំ៕