(ភ្នំពេញ)៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអ្នកតាមដានផ្នែកសង្គមនៅកម្ពុជា បានមើលឃើញថា ផ្តើមចេញពីមិត្តដែកថែប ធ្វើឱ្យអ្នកវិនិយោគទុនចិនកាន់តែច្រើន បានបណ្តាក់ទុនរកស៊ីនៅកម្ពុជា ខណៈដែលក្នុងខែឧសភា ឆ្នាំ២០២៤ថ្មីៗនេះ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែកជិត ៥០% នៃទុនវិនិយោគសរុប។

លោកកែវ ពិសិដ្ឋ អ្នកតាមដានផ្នែកសង្គម និងបេក្ខជនបណ្ឌិតវិទ្យាសាស្ត្រនយោបាយ មានប្រសាសន៍លើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិនបានឈានដល់កម្រិតកំពូលលើ គ្រប់វិស័យដូចជាវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្មជាដើម។ លោក បានបញ្ជាក់ថា មូលហេតុដែលជំរុញឱ្យចិនវិនិយោគច្រើននៅប្រទេសកម្ពុជាបែបនេះ មានកត្តាច្រើនយ៉ាង៖

ទី១៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប និងតែងតែប្តេជ្ញាចិត្តលើកកម្ពស់ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ចំណងមិត្តភាពនៃប្រទេសទាំងពីរ ត្រូវបានគេចាត់ទុកថា ជាគំរូដ៏ប្រសើរបំផុត ក្នុងយុគសម័យថ្មីនេះ។

ទី២៖ នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសនានា សុទ្ធតែចង់បានការវិនិយោគពីប្រទេសចិន ដែលជានាគទើបងើបពីដំណេក និងមានប្រជាជនរាប់ពាន់លាននាក់។ ប៉ុន្តែ ដោយសារទីតាំងភូមិសាស្រ្តដ៏មានអត្ថប្រយោជន៍ និងការពង្រីកសេដ្ឋកិច្ច ធ្វើឱ្យកម្ពុជា អាចទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសចិន ដែលបានជះឥទ្ធិពលដល់ការធ្វើសមាហរណកម្មរបស់កម្ពុជា ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។

ទី៣៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ក៏ជាចំណែកមួយដ៏សំខាន់ ក្នុងការជំរុញវិនិយោគចិនមកកម្ពុជាផងដែរ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមរយៈទំនាក់ទំនងដ៏ល្អរវាងចិន និងកម្ពុជា ចិនបានដើរតួជាអ្នករួមចំណែក ពោលជាធាតុផ្សំយ៉ាងចាំបាច់ ក្នុងការរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ខ្ញុំចាត់ទុកថា វាជារឿងល្អ ដែលប្រទេសជាមិត្តជួយគ្នាទៅវិញទៅមក។ ជាក់ស្តែង យោងតាមរបាយការណ៍គយ និងរដ្ឋករ ចិនក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ពោលគឺនៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានជាង ១២ពាន់លានដុល្លារ មានការកើនឡើង៥% ធៀបនឹងឆ្នាំ២០២២ ខណៈអាមេរិក ជាដៃគូសំខាន់ទី២ ដែលមានទំហំពាណិជ្ជកម្មជាង ៩ពាន់លានដុល្លារ ពោលធ្លាក់ចុះ ១,៤% ធៀបនឹងឆ្នាំ២០២២។ ការនាំចេញពីកម្ពុជាទៅចិន មានតម្លៃ ១,៤៨ពាន់លានដុល្លារ កើនឡើង ១៩,២% ខណៈការនាំចូលសរុបមាន ១០,៧៩ពាន់លានដុល្លារ កើនឡើង ៣,៣%។ ជាយោបល់ខ្ញុំ ទោះបីជាសកម្មភាពធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កើនឡើងជានិច្ច ក៏ជញ្ជីងពាណិជ្ជកម្មនៅផ្អៀងខ្លាំង ដែលខ្ញុំរំពឹងថា ចិននឹងខិតខំជួយកម្ពុជា ឱ្យបាននាំចេញផលិតផលខ្លួនទៅចិន កាន់តែច្រើនជាងនេះផងដែរ»

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសាព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិន កាលពីពេលថ្មីៗនេះ ឯកឧត្តម បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ចិននិងកម្ពុជាជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលគួរឱ្យរៀនសូត្រតាម ដោយភាគីទាំងពីរបានបន្តបង្កើនកម្លាំងពង្រីកឥទ្ធិពលជាលំដាប់ ប្រែជាមិត្តដែកថែប និងពន្លាតកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណសម្រាប់ផ្តល់ប្រយោជន៍កាន់តែច្រើនដល់ប្រជាជន នៃប្រទេសទាំងពីរ។

ឯកឧត្តមបណ្ឌិតបញ្ជាក់ថា៖ «បើយើងនិយាយពីទំនាក់ទំនងរបស់ប្រទេសទាំងពីរវិញ គឺកម្ពុជាបានក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្លាយជាមិត្តដែកថែប ហើយបច្ចុប្បន្នក្លាយជាមិត្តឆកោណត្បូងពេជ្រមួយទៀត ដោយបានសហការគ្នាលើវិស័យចំនួន៦ ។ អ៊ីចឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៃប្រទេសទាំងពីរទីមួយលើវិស័យវិនិយោគរបស់ចិន ចូលមកកម្ពុជាបានបង្កើតការងារផលិតកម្ម ក្នុងប្រទេសវិស័យទេសចរណ៍ សុទ្ធតែបានជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា»

សេចក្តីប្រកាសព័តមានចេញផ្សាយកាលពីថ្ងៃទី១០ ខែមិថុនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានបញ្ជាក់ថា គិតក្នុងខែឧសភា ឆ្នាំ២០២៤ ក្នុងចំណោមគម្រោងវិនិយោគចំនួន២៥ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែកជិត៥០% នៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ប្រមាណជិត ៣១%។
សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ក្នុងខែឧសភា ឆ្នាំ២០២៤ CDC បានអនុម័តគម្រោងថ្មីចំនួន២៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ១៥ពាន់កន្លែង៕

វិទ្យុមិត្តភាពកម្ពុជាចិន