(កណ្ដាល)៖ សពបុរសវ័យជំទង់ម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ដោយមានស្នាមរបួសសុសខ្លួន ខណៈដែលសមត្ថកិច្ចសង្ស័យបឋមថា ស្លាប់ដោយករណីឆក់ខ្សែរភ្លើង (ក្រោយកោសល្យវិច័យ) តែសាកសពបែរជានៅឆ្ងាយ ពីកន្លែងលួសឆក់ទៅវិញ ខណៈដែលគ្រួសារសពដាក់ការសង្ស័យជាករណីឃាតកម្ម និងស្នសមត្ថកិច្ចជួយស្រាវជ្រាវលម្អិតផង។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ចំណុចដីចំការ (មិនបានដាំដុះអ្វី) ជាប់មាត់ព្រែកជ្រែ ដែលមានម្ចាស់ដីឈ្មោះ ប្រុក ស៊ា ស្ថិតនៅភូមិចាស់ សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល។

ជនរងគ្រោះត្រូវបានគេស្គាល់ថា អ្នកមូស្លីមរស់នៅភូមិចាមក្រោម ឃុំព្រែកស្ដី ស្រុកកោះធំ អាយុប្រហែលម្ភៃឆ្នាំជាង។ គ្រូសារសពសុំមិនបញ្ចេញឈ្មោះបានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាល កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ថា សាកសពមានស្នាមរបួសឆេះខ្លោចគួរឲ្យអាណិតបំផុត។ នៅថ្ងៃកើតហេតុ គាត់បានទៅរើសអេតចាយ ហើយបាត់ដំណឹងសូន្យ ហើយក៏ទទួលបានដំណឹងថាគាត់បានស្លាប់ ហើយគេយកសពទៅកប់ចោលក្នុងព្រៃថែមទៀត។

លោកវរសេនីយ៍ឯក ឈុន ជឺឈួន អធិការនគរបាលក្រុងសំពៅពូន បានថ្លែងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ថា ក្រោយទទួលបានព័ត៌មានពីករណីប្រទះឃើញសព សមត្ថកិច្ច និងពេទ្យជំនាញបានចុះទៅពិនិត្យ, ក្រោយកោសល្យវិច័យ ឃើញថាសាកសពមានស្នាមឆេះខ្លោច ហើយជាករណីឆក់ខ្សែភ្លើងដែលគេរាយសម្លាប់ឆក់កណ្ដុរ។ ភ្លាមៗនោះ សពមិនទាន់ស្គាល់អត្តសញ្ញាណ ហើយក៏ពិគ្រោះគ្នាកប់សាកសពបណ្ដោះអាសន្នសិន ហើយស្រាវជ្រាវរកគ្រួសារមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។

លោកអធិការបន្តថា ករណីនេះកំពុងស្ថិតក្នុងការស្រាវជ្រាវ ព្រោះទីតាំងរាយលួសឆក់នៅកន្លែងផ្សេង តែសាកសពបែជានៅកន្លែងផ្សេងទៅវិញ។

លោក គាន គឿន ដែលជាអ្នកធ្វើដីចំការនៅក្បែរសព បានរៀបរាប់ថានៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៨ គាត់បានទៅចំការស្រែដើម្បីដាក់ទឹកស្រូវ។ ពេលទៅដល់រោងរបស់គាត់ គាត់ក៏បានឃើញកង់នៅក្នុងរោង របស់គាត់នៅកន្ត្រកមុខឃើញមានផ្លែស្វាយ និងផ្លែពោតព្រមទាំងខ្យងផងដែរ។

នៅខាងកន្ទុយកង់មានបាវពណ៌សចងរឹតដោយកៅស៊ូកង់ និងមានឈើកាងចំនួន៣ដើម តែមិនឃើញមនុស្សទេ គាត់ក៏បានទៅមើលទុយោទឹកក្រែងមានបទទុយោ ពេលនោះឈ្មោះ គាន គឿន ត្រឡប់មកកន្លែងរោងវិញ តាមខ្នងផ្លូវព្រែកជ្រែ ក៏លេខមើលខាងកើតស្រូវរបស់គាត់ចំណុចវាលក៏ឃើញមនុស្សម្នាក់បានដេកផ្កាប់មុខ ឃើញដូចនេះគាត់ក៏យកទូរសព្ទខលទៅប្រាប់ចែឡៃស៊ីម ឱ្យប្រាប់មេភូមិចាស់ ហើយគាត់ពុំហ៊ានចូលទៅជិតទេ លោកដល់មេភូមិ និងសមត្ថកិច្ចទៅដល់ទើបគាត់ដើរទៅមើលជាមួយ៕