(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ហ៉ឺ វីរ: រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បានថ្លែងថា បញ្ហាក្មេងទំនើង និងសិស្សសាលា ដែលប្រមូលផ្ដុំគ្នាមិនចូលសាលា អាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់ចែង ដោយយកមកអប់រំ ណែនាំ និងធ្វើកិច្ចសន្យា។

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ថ្លែងបែបនេះ នាព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំទាំង១០ និងលេខាធិការដ្ឋាននៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច និងដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ អនុប្រធាន និងសមាជិកសមាជិកសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច និងឃុំទាំង១០ ព្រមទាំងលោក លោកស្រី ដែលជាក្រុមប្រឹក្សាឃុំទាំង១០។

ក្នុងពិធីនោះ លោកបណ្ឌិត បានលើកឡើងនូវបញ្ហាមួយចំនួនរួមមាន៖

* បញ្ហាស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ លោកបណ្ឌិតបានសំណូមពរទៅមន្ទីរសាធារណៈការខេត្តដាក់នូវភ្លើងសញ្ញាចរាចរណ៍ចំនួន ៣ ទីតាំងរួមមាន៖ ចំណុចផ្សារត្រាច ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ចំណុចផ្សារសាលាលេខប្រាំ ស្ថិតនៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី និងចំណុចផ្សារថ្នល់ទទឹង ស្ថិតនៅភូមិស្វាយក្រោម ឃុំតាជេស។

* បញ្ហាសណ្ដាប់ធ្នាប់នៅទីសាធារណៈអាជ្ញាធរឃុំត្រូវពន្យល់ណែនាំដល់ប្រជាពលរដ្ឋ មិនត្រូវយកចំណីផ្លូវមកធ្វើអាជីវកម្ម ឬចតរថយន្តដែលជាហេតុបង្ករឱ្យមានការកកស្ទះ។

* បញ្ហាក្មេងទំនើង និងសិស្សសាលាដែលប្រមូលផ្ដុំគ្នាមិនចូលសាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់ចែងរឿងនេះ ដោយយកមកអប់រំ ណែនាំ និងធ្វើកិច្ចសន្យា។

* បញ្ហាអនាម័យតាមទីសារធារណៈ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តឱ្យមានការធ្វើចលនាជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន។

* បញ្ហាការបន្តលក់នំកញ្ចប់ និងទឹកកំប៉ុងនៅតាមបរិវេណរបស់សាលារៀន ដែលជាកត្តាធ្វើឱ្យប៉ះពាល់ដល់សុខភាពសិស្សនាពេលអនាគត លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការទប់ស្កាត់៕