(កណ្តាល)៖ នគរបាលស្រុកពញ្ញាឮ ខេត្តកណ្តាល បានឃាត់ខ្លួនក្រុមក្មេងទំនើងដែលកំពុងជួញដូរថ្នាំញៀនបាន ៥នាក់ ក្នុងនោះមានម្នាក់មិនដឹងមកពីណា បានមករារាំងការងារសមត្ថកិច្ច ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ជាមួយគ្នាតែម្ដង ហើយសមត្ថកិច្ចកំពុងបន្តតាមចាប់ខ្លួនបក្ខពួកចំនួន ៣នាក់ផ្សេងទៀត ដែលរត់គេចខ្លួនអំឡុងពេលប្រតិបត្តិការ។

បើតាមលោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានឱ្យដឹងថា ជនសង្ស័យ០៥នាក់នេះ ជាមុខសញ្ញាចាស់ករណីប្រើប្រាស់នូវសារធាតុញៀន ប្រើដាវជាប្រភេទអាវុធខុសច្បាប់ ហើយត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២៤ នៅចំណុចភូមិទន្សាស្វិត ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

លោកអធិការនគរបាលស្រុកពញាឮ បានបន្តថា ជនសង្ស័យចំនួន០៨នាក់ ក្នុងនោះឃាត់ខ្លួន បាន០៥នាក់ និងរត់គេចខ្លួនចំនួន ០៣នាក់ មានឈ្មោះដូចខាងក្រោម៖

ទី១៖ ឈ្មោះ វី វិន ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅ ភូមិទន្សាស្វិត
ទី២៖ ឈ្មោះ សួស សុភ័ណ្ឌ ហៅ ឌឿន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិតាអោក (ធ្លាប់ចូលមណ្ឌលព្យាបាលឱកាសខ្ញុំ ០១លើក)
ទី៣៖ ឈ្មោះ ជឺន  រ៉ា ភេទ ប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិទន្សាស្វិត 
ទី៤៖ ឈ្មោះ ផន វណ្ណី ហៅ កេវ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិតាអោក ដោយជនសង្ស័យទាំង០៤ មានមុខរបរជាកម្មករសំណង់ មានសារធាតុញៀនក្នុងទឹកនោម និងរស់នៅក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាលជាមួយគ្នា (ត្រូវឃាត់ខ្លួន)
ទី៥៖ ឈ្មោះ បូ វិសាក់ ហៅសាក់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមន្ត្រីស្ម័គ្រចិត្ត (សូរិយោដី) មានទីលំនៅភូមិទន្សាស្វិតឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ជាអ្នករារាំងកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ចពេលកើតហេតុ (ឃាត់ខ្លួន)។ 
ទី៦៖ ឈ្មោះ រីម ភេទប្រុស
ទី៧៖ ឈ្មោះ ណុច ភេទប្រុស 
និងទី៨៖ ឈ្មោះ ម៉ាប់ ភេទប្រុស (ជនសង្ស័យទាំង០៣នេះ កំពុងរត់គេចខ្លួន)។

លោកអធិការស្រុកបានឱ្យដឹងទៀតថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ធ អំពីសកម្មភាពក្រុមជនសង្ស័យជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងផ្ទះបាយរបស់ឈ្មោះ វី វិន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្វាំង បានសហការណ៍ជាមួយអាជ្ញាធរភូមិ បានទៅដល់កន្លែងហេតុ ដោយជនសង្ស័យ ០៣នាក់ បានរត់គេចខ្លួនមុនសមត្ថកិច្ចទៅដល់ និងឃាត់ខ្លួនបានជនសង្ស័យ ០៤នាក់ ក្នុងនោះមានជនសង្ស័យឈ្មោះ បូ វិសាក់ ហៅសាក់ បានមកធ្វើសកម្មភាពឡូឡា រារាំងកិច្ចប្រតិបត្តិការរបស់អាជ្ញាធរមានសមត្ថកិច្ច មិនឱ្យសមត្ថកិច្ចយកជនសង្ស័យមកប៉ុស្តិ៍ ដើម្បីសាកសួរ ហើយថែមទាំងប្រើពាក្យសំដីមកលើអាជ្ញាធរមានសមត្ថកិច្ចថាយកលុយ ៥០ដុល្លារ ឬ ១០០ដុល្លារទុកផឹកកាហ្វេ ដោយមានភាពច្រង៉េងច្រង៉ាង មិនស្តាប់សមត្ថកិច្ច ទើបអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ បូ វិសាក់ ហៅសាក់ មកជាមួយតែម្តង និងសហការណ៍មកផ្នែកជំនាញនាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ វី វិនបានសារភាពថា ក្រុមខ្លួនពិតជាបានប្រើប្រាស់ថ្នាំញៀន មានគ្នា០៧នាក់ ដូចមានឈ្មោះខាងលើ នៅក្នុងរោងបាយផ្ទះរបស់ខ្លួនប្រាកដមែន ហើយថ្នាំញៀនដែលប្រើប្រាស់នេះ គឺឈ្មោះ រីម ជាអ្នកយកមកលក់ឱ្យចំនួន ៤០,០០០រៀល ដោយចូលលុយគ្នាទិញ រីឯថ្នាំដែលនៅសល់ ០១កញ្ចប់តូច ត្រូវបានឈ្មោះ ណុច ចាក់បំផ្លាញចោលមុនសមត្ថកិច្ចឆែកឆេរ។

បច្ចុប្បន្នជនសង្ស័យទាំង ០៥នាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តអនុវត្តតាមនីតិវិធី៕