(ស្វាយរៀង)៖ សកម្មភាពចុះបង្ក្រាបក្មេងទំនើងដែលបង្កអុកឡុកនៅមូលដ្ឋានរបស់កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានធ្វើឡើងជាបន្តបន្ទាប់ និងទទួលបានការសាទរពីប្រជាពលរដ្ឋនៅមូលដ្ឋាន។ ជាក់ស្តែងកម្លាំងនគរបាលបានបន្តស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើង២នាក់ បញ្ជូនទៅសាលាដំបូងខេត្ត ក្រោយធ្វើសកម្មភាពវាយគ្នានៅវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា សមត្ថកិច្ចជំនាញបានចុះបង្ក្រាបក្មេងទំនើងចំនួន២នាក់នេះ ដោយកាលពីថ្ងៃទី៧ខែមិថុនា ឆ្នាំ២០២៤ កម្លាំងជំនាញបានធ្វើការ ស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើង២នាក់ ដែលបានបង្កសកម្មភាពវាយគ្នាទៅវិញទៅមកក្នុងទីធ្លារ វិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ ស្ថិតក្នុងភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។

ករណីបង្ក្រាបក្មេងទំនើងនេះបានធ្វើឡើងដោយមានដឹកនាំដោយលោកវរសេនីយ៍ទោ គឹម សុខខា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ។

លោកបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ និងបានចេញដីកាឃុំខ្លួនក្នុងពន្ធនាគារ រួចហើយផងដែរ៕