(រតនគិរី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងដំណើរដ៏វែងឆ្ងាយលើទឹកដី នៃខេត្តមណ្ឌលគិរី និងរតនគិរីភូមិភាគឦសានប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានសម្រេចផ្តល់អគារសិក្សា អគារស្នាក់នៅ អគារពិសោធន៍ និងទីចាត់ការនៅតាមបណ្តា សាលានានាតាមបណ្តោយលេខ៧៦ (មណ្ឌលគិរី-រតនគិរី) និងក្រុងបានលុងសរុប ១៥ខ្នង ស្មើនិង ១២៣បន្ទប់។ តាមរយៈការផ្តល់អគារសិក្សា អគារស្នាក់នៅ ទីចាត់ការ និងបន្ទប់ពិសោធន៍ជាដើម លោកគ្រូ អ្នកគ្រូ និងសិស្សៗ នៅតាមខេត្តដាច់ស្រ យ៉ាលបានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ខ្ពស់លើការអប់រំនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាល និងដោះស្រាយការងារមួយចំនួន ក្នុងខេត្តមណ្ឌលគិរី នៅវេលាម៉ោងប្រមាណ ២៖៣០នាទីរសៀលថ្ងៃទី១៥ ខែកញ្ញា ក៏បានបន្តធ្វើដំណើរឆ្ពោះ មកកាន់ខេត្តរតនគិរី តាមផ្លូវជាតិលេខ៧៦ ដែលជាផ្លូវភ្ជាប់ខេត្តមណ្ឌលគិរី និងរតនគិរី ទើបបញ្ចប់ការសាងសង់ ជាស្ថាពរនាពេលថ្មីៗនេះ។ ក្នុងពេលធ្វើដំណើរមកកាន់ខេត្តរតនគិរី សម្តេចេតេជោ ហ៊ុន សែន ក៏បានចុះជួបសំណេះសំណាលជាបន្តបន្ទាប់ជាមួយ ប្រជាពលរដ្ឋក្នុងតំបន់ដាច់ស្រយ៉ាល ដែលសម្តេចកម្របានមកដល់ ដើម្បីសាកសួរពីសុខទុក្ខ និងបានជ្រាបនូវ បញ្ហាមួយចំនួន ដែលប្រជាពលរដ្ឋកំពុងជួបប្រទះ។
ការចុះជួបសំណេះសំណាលនេះ គេឃើញមានប្រជាពលរដ្ឋ ជាច្រើនបានចេញមកស្វាគមន៍សម្តេចតេជោ ហ៊ុន សែន និងបានបង្ហាញក្តីរីករាយ។ រីករាយដោយសារតែពួកគាត់គិតថា សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសមានការមមាញឹកច្រើនកម្រនឹងបានចុះ ជួបដោយផ្ទាល់បែបនេះឡើយ។ ពួកគាត់បានចាត់ទុកការជ្រើសរើស យកការធ្វើដំណើររបស់ នាយករដ្ឋមន្រ្តី តាមរថយន្តនៅតាមទីជនបទ បែបនេះ គឺក្នុងបំណងបានយល់ច្បាស់ពី សុខទុក្ខរបស់ប្រជាពលរដ្ឋ។
ក្រៅពីចុះស្វែងយល់ពីសុខទុក្ខ របស់ប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចុះពិនិត្យស្ថានភាពភាពសិក្សា ក៏ ដូចជាអគារសិក្សាតាមដងផ្លូវមកកាន់ខេត្តរតនគិរីផងដែរ។ ក្រោយការពិនិត្យជាក់ស្តែង ក៏ដូចជាសាកសួរលោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំ សាលាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភអគារសិក្សា ទីចាត់ការ និងកន្លែងស្នាក់នៅសម្រាប់គ្រូ និងសិស្ស ដែលលំនៅឋានឆ្ងាយៗ ជាបន្តបន្ទាប់សរុបប្រមាណ ១៥ខ្នង ស្មើនិង ១២៣បន្ទប់។
ទាំងនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សៗ សុទ្ធតែបានបង្ហាញក្តីរីករាយ នៅពេលទទួលបានអគារសិក្សា អគារស្នាក់នៅ ទីចាត់ការ បន្ទប់ពិសោធន៍ជាដើមនោះ។ រីករាយដោយសារអគារ ទាំងអស់នេះ សុទ្ធតែបានឆ្លើយតបនឹងតម្រូវការលើការអប់រំ ដែលជាកត្តាចាំបាច់បំ ផុតសម្រាប់បណ្តុះធនធានចំណេះដឹងនៅកម្ពុជា។ ដោយឡែកអគារស្នាក់នៅវិញ វាក៏ចូលរួមកាត់បន្ថយ ការចំណាយរបស់លោកគ្រូ អ្នកគ្រូ ដែលមានលំនៅដ្ឋានឆ្ងាយៗផងដែរ។
លោកគ្រូ អ្នកគ្រូ និងសិស្ស បានចាត់ទុកកាយវិការរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការចុះដោយផ្ទាល់តាមសាលារៀន និងផ្តល់អគារ សិក្សានេះជាកាយវិការរបស់មេដឹកនាំ ដែលមានការ យកចិត្តទុកដាក់ខ្ពស់ ទៅលើការអប់រំនៅក្នុងប្រទេសកម្ពុជា។ ពួកគាត់មើលឃើញថា ការផ្តល់អគារសិក្សា នឹងជួយជំរុញការអប់រំ នៅតាមជនបទឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីបង្កើនធនធាន ចំណេះដឹងរួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។
បន្ទាប់ពីធ្វើដំណើរអស់រយៈពេលប្រមាណ ៦ម៉ោង លើចម្ងាយផ្លូវជិត ៣០០គីឡូម៉ែត្រ ដោយធ្វើដំណើរឡើងភ្នំចុះទួល កាត់ព្រៃប្រឹក្សា ឆ្លងកាត់កំដៅថ្ងៃ និងភ្លៀងលើដងផ្លូវស្ងប់ស្ងាត់ មានផ្ទះប្រជាពលរដ្ឋដោយអន្លើនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដល់ក្រុងបាន លុង ខេត្តរតនគិរី នៅវេលាម៉ោងប្រមាណ ៥៖៣០នាទីល្ងាចថ្ងៃដដែល។ សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួបសំណេះសំណាលជាមួយ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ស្អែកនេះ មុននឹងបញ្ចប់ដំណើរទស្សនកិច្ចក្នុង ទឹកដីភូមិភាគឦសាន ដែលអតីតកាលជាតំបន់សមរភូមិសង្រ្គាម ដ៏សែនខ្ទេចខ្ទាំ។
សូមបញ្ជាក់ថា ខេត្តរតនគិរី គឺជាខេត្តទី១៩ ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះមកដល់ ដើម្បីសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងពិនិត្យសមិទ្ធផល នៅតាមបណ្តាខេត្ត បន្ទាប់ពីសម្តេចបានប្រកាសដាក់ចេញ យុទ្ធនាការនៅក្នុងខេត្តបាត់ដំបង កាលពីខែកក្កដា កន្លងទៅនេះ៕