(ស្វាយរៀង)៖ សមត្ថកិច្ចជំនាញខេត្តស្វាយរៀង បានបង្ហាញមុខជនសង្ស័យចំនួន២នាក់ ជាជនជាតិវៀតណាម និងថ្នាំញៀនមួយចំនួនធំ ដែលសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។

សមត្ថកិច្ចជំនាញគ្រឿងញៀន នៃស្នងការនគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំការសម្របសម្រួលផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលលេខ៣៣B ផ្លូវបេតុងស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានបញ្ជាក់ថា លទ្ធផលឃាត់ខ្លួនជនសង្ស័យ០២នាក់ (ជនជាតិវៀតណាម)រួមមាន៖

*ទី១៖ ឈ្មោះ ង្វៀង មិនហា ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

*ទី២៖ ឈ្មោះ ង្វៀង ធីធីម ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន បន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

សមត្ថកិច្ចបានបន្តថា ក្នុងប្រតិបត្តិការនេះបានចាប់យកវត្ថុតាង និងសម្ភារៈ រួមមាន៖ ក្រាមសថ្លាជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៦០.០០ក្រាម ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ១.៣៨ក្រាម ថ្នាំញៀនប្រភេទអុិចស្តាសុីទម្ងន់ ៣៣៣.៣៤ក្រាម ថ្នាំញៀនគ្រាប់ចំនួន ៥៣៧គ្រាប់ ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង ទូរសព្ទ័ដៃ៣គ្រឿង ម៉ូតូ ១គ្រឿង អត្តសញ្ញាណបណ្ណវៀតណាម១សន្លឹក ព្រមទាំង ឧបករណ៍ សម្ភារវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕