(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅវេទិកាដោះស្រាយក្តី ក្នុងសាលាខេត្តពោធិ៍សាត់ បានអនុញ្ញាតឱ្យបងប្អូន ប្រជានេសាទ ប្រមាណជាង៦០គ្រួសារ ចូលជួបពិភាក្សារកដំណោះស្រាយ ជុំវិញការស្នើសុំអូសលៀស ដោយប្រើកម្លាំងម៉ាស៊ីន នៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងអំឡុងពេលបិទនេសាទ។

បើតាម លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការស្នើសុំរបស់បងប្អូនប្រជានេសាទ ដែលប្រកបរបរអូសលៀស ដោយប្រើកម្លាំងម៉ាស៊ីន នៅបឹងទន្លេសាប អំឡុងពេលរដូវបិទនេសាទនេះ គឺច្បាប់មិនអនុញ្ញាតនោះទេ ផ្ទុយទៅវិញវាបានធ្វើឱ្យប៉ះពាលធ្ងន់ធ្ងរ ដល់ជីវៈចម្រុះក្នុងបឹងទន្លេសាបស្ទើរទាំងស្រុង។ តែដោយសារកត្តាជីវភាព គឺជំនាញអាចឱ្យបងប្អូន ធ្វើការនេសាទជាលក្ខណៈគ្រួសារ ដោយអូសដោយដៃ និងមិនឱ្យមានការអូសដោយប្រើកម្លាំងម៉ាស៊ីននោះឡើយ។ ចំពោះក្រឡាមង គឺអនុញ្ញាតត្រឹមក្រឡា ចាប់ពី២ហ៊ុនកន្លះឡើងទៅ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ខូយ រីដា បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គឺលោកមានការយកចិត្តទុកដាក់ខ្ពស់ ទៅលើជីភាពរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋ។ ដូចជាករណីប្រជានេសាទ ដែលធ្វើការស្នើសុំនេសាទ អូសលៀស ដោយប្រើកម្លាំងម៉ាស៊ីន ក្នុងអំឡុងពេលបិទនេសាទ គឺមិនត្រូវអនុញ្ញាត ពោលគឺដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា។

លោកអភិបាលខេត្តបានលើកឡើងថា ប្រសិនបើមានកម្លាំងសមត្ថកិច្ច ឬមន្ត្រីជំនាញណាមួយ មកគៀបសង្កត់ យកលុយពីបងប្អូន គឺលោកនឹងចាត់ការជនទាំងនោះ ដោយគ្មានការលើកលែង។ លោកសូមឱ្យបងប្អូន ទទួលយកការសម្រេចចិត្ត ក៏ដូចជាការពន្យល់ពីខាងមន្ត្រីជំនាញ អំពីច្បាប់ជលផល និងត្រូវគិតពិចារណា ដើម្បីប្រយោជន៍ដល់កូនចៅយើងជំនាន់ក្រោយ។

ឆ្លៀតក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានឧបត្ថម្ភអង្ករ ដល់បងប្អូនប្រជានេសាទ ប្រមាណជាង៦០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ២០គីឡូក្រាមផងដែរ៕