Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលស្រុកស្អាង ចុះប្រមូលសិស្សគេចសាលា១៧នាក់ មកធ្វើកិច្ចសន្យាអប់រំ រួចប្រគល់ជូនអាណាព្យាបាល

11-06-2024 15:09

(កណ្តាល)៖ គណៈគ្រប់គ្រងសាលា សហការជាមួយក្រុមប្រឹក្សាឃុំត្រើយស្លា កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានស្រុកស្អាង ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា លោកគ្រូ អ្នកគ្រូ ប្រជាការពារ បានចុះប្រមូលសិស្សសាលាចំ នួន១៧នាក់ ដែលគេចម៉ោងមិនចូលរៀន យកទៅកោសក់ អប់រំ និងធ្វើកិច្ចសន្យា។ ការចុះប្រមូលសិស្សគេចសាលាទាំង១៧នាក់នេះ បានធ្វើឡើងកាលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង បានឱ្យដឹងថា សិស្សដែលបានគេចម៉ោងរៀនទាំង១៧នាក់នេះ គឺជាសិស្សរៀននៅក្នុង វិទ្យាល័យសម្តេច ហ៊ុន សែន ត្រើយស្លា ដែលស្ថិតក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល សុទ្ធតែប្រុសៗទាំងអស់។

លោកអធិការស្រុកបានបញ្ជាក់ប្រាប់អំពីទីតាំងដែលសិស្សទាំង១៧នាក់ បានគេចពីសាលាហើយទៅលេងទីនោះកន្លែងលក់ទឹកដូងពីរកន្លែងក្នុងភូមិទួលក្តី, ហាងលក់កាហ្វេកុងទ័រន័រ ក្នុងភូមិព្រែកបាឡាត់ឆឹង និងទីតាំងលែងតាបបុកបៀយែរ ក្នុងភូមិព្រែកបាឡាត់ឆឹង។

ជាមួយគ្នានេះដែរ សមត្ថកិច្ចក៏បានអញ្ជើញឪពុកម្តាយ និងអាណាព្យាបាល ឱ្យមកទទួលយកកូនៗឱ្យត្រឡប់ទៅផ្ទះវិញ ក្រោយសមត្ថកិច្ចបានកោសក់សិស្សទាំង១៧នាក់ ធ្វើអណាម័យ លត់ជង្គង់ក្រាបសំពះគោរពសុំទោសឪពុក ម្តាយ និងធ្វើកិច្ចសន្យាថាឈប់គេចពីសាលាទៀតហើយ និងសាងខ្លួនជាកូនល្អ សិស្សល្អ ចាប់ពេលនេះតទៅ៕