(ព្រៃវែង)៖ លោក សួន សុម៉ាលីនអភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការសាខាខេត្ត នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាល និងបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១៧២នាក់ ដែលមកពីវិទ្យាល័យ ហ៊ុនសែន ព្រែកសណ្តែក និងវិទ្យាល័យព្រៃដើមថ្នឹង នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ពិធីនេះមានការចូលរួមពីសមាជិក គណៈកម្មាធិការសាខាខេត្ត ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាស្រុក មន្ត្រីប្រចាំការអនុសាខាស្រុក លោកប្រធានការិយាល័យអប់រំស្រុក លោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងយុវជនកាកបាទក្រហមកម្ពុជាថ្មី នៅអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស៊ីធរកណ្តាល សរុបអ្នកចូលរួមចំនួន ២១០នាក់ ស្រី ១៧០នាក់។

នៅក្នុងឱកាសនោះ ប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរពីសំណាក់លោកអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាខេត្ត ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួនជូនដល់យុវជនកាកបាទក្រហមកម្ពុជាថ្មី ដោយត្រូវបន្ដខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ 

ជាមួយគ្នានេះត្រូវ លោកបានជំរុញឱ្យបន្ដពង្រឹង និងពង្រីកបណ្ដាញយុវជនកាកបាទក្រហម ពីក្នុងចំណោមសិស្សនៅវិទ្យាល័យ ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ ជាប់ជាប្រចាំ។ សូមយកចិត្តទុកដាក់ជួយចំពោះសិស្ស និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាត ហើយកំពុងសិក្សានៅតាមសាលា និងសិស្សកំព្រា ព្រមទាំងប្រជាពលរដ្ឋនៅតាមសហគមន៍របស់ខ្លួន។ 

លោកបានបន្ថែមថា ត្រូវបន្តលើកទឹកចិត្តដល់សមាជិកយុវជនកាកបាទក្រហម ដែលសកម្មនឹងការងារទៅតាមលទ្ធភាព ដើម្បីឱ្យពួកគេមានឆន្ទៈបន្ដសកម្មភាពមនុស្សធម៌នានាឱ្យបានកាន់តែច្រើនថែមទៀត។ សូមយុវជនកាកបាទក្រកម្ពុជាទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរ និងចៀសឱ្យឆ្ងាយ ពីគ្រឿងស្រវឹង គ្រឿងញៀន និងចូលរួមអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅតាមសហគមន៍ អំពីការប្រែប្រួសអាកាសធាតុ និង បរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់បា្លស្ទិច ស្របតាមពាក្យស្លោកថា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ។

សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានឧបត្ថម្ភថវិកាជូនដល់យុវជនមកពីវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្តែក ក្នុងម្នាក់ៗ ១៥,០០០រៀល និងវិទ្យាល័យព្រៃដើមថ្នឹង ក្នុងម្នាក់ៗ ១០,០០០រៀល ផងដែរ។

សូមបញ្ជាក់ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ សាខាខេត្ត បានបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា បានចំនួន៤ វិទ្យាល័យ សរុបយុវជនចំនួន ៣៧៩ នាក់ នៅស្រុកពារាំង ១វិទ្យាល័យ, ស្រុកពោធិ៍រៀង ១វិទ្យាល័យ, និងស្រុកស៊ីធរកណ្តាល ២វិទ្យាល័យផងដែរ៕