(សៀមរាប)៖ លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ (GBV) បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់អំពើហិង្សា ដែលពាក់ព័ន្ធនឹងយេនឌ័រគ្រប់ទម្រង់ដូចជា៖ អំពើហិង្សាក្នុងគ្រួសារ, ការរំលោភផ្លូវភេទ ការជួញដូរស្រ្តី និងកុមារជាដើមជាពិសេសនៅតាមបណ្តាក្រុង ស្រុកទាំង១៣ របស់ខេត្ត ត្រូវរួមគ្នាបង្កើនប្រសិទ្ធភាពការងារ។ 

ការជំរុញរបស់លោកស្រី ម៉ននី រងី្ស បានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើមី្បលើកកម្ពស់ និងពង្រីកការផ្តល់សេវាជាពហុវិស័យឆ្លើយតបចំពោះអំពើហិង្សាលើស្រី និងក្មេងស្រី ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប។

កិច្ចប្រជុំនេះដែរ ផ្តោតសំខាន់ទៅលើការលើកកម្ពស់ និងពង្រឹងការផ្តល់សេវាជាពហុវិស័យឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រី និងក្មេងស្រីប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាដល់ក្រុមការងារ និងអ្នកពាក់ព័ន្ធដែលជាអ្នកផ្តល់សេវាការពារជូនជនរងគ្រោះ ដើម្បីឆ្លើយតបឱ្យសមស្របជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

កិច្ចប្រជុំក៏បានពិនិត្យទៅលើរបាយការណ៍លទ្ធផលសកម្មភាពការងារ ក្នុងឆមាសទី១ ឆ្នាំ២០២៤របស់ក្រុមការងារឆ្លើយតបជាពហុវិស័យ (GBV) ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត ដោយមានកិច្ចសហការល្អជាមួយស្ថាប័ន អង្កភាព មន្ទីរពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ ក្នុងការសម្របសម្រួលផ្តល់សេវាឆ្លើយតបដល់ជនរងគ្រោះបានទាន់ពេលវេលា។

លោកស្រី ម៉ននី រងី្ស បានធ្វើការណែនាំ និងជំរុញដល់ក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក ឱ្យបន្តរៀបចំផែនការសកម្មភាពដាក់បញ្ចូលទៅក្នុងផែនការខេត្ត ក្រុង ស្រុក និងលើកគម្រោងផែនការ ដើម្បីស្នើសុំកញ្ចប់ថវិកាសម្រាប់អនុវត្តផែនការនោះឱ្យមានប្រសិទ្ធភាព និងបន្តស្វែងរកការគាំទ្រពីអ្នកពាក់ព័ន្ធនិងអង្គការដៃគូ ដើម្បីពង្រឹងសមត្ថភាពតាមរយៈវគ្គបណ្តុះបណ្តាល ពីកញ្ចប់សេវាទាំង៥ និងបន្តពង្រឹងកិច្ចសហការក្នុងការផ្តល់សេវាដល់ស្ត្រី និងក្មេងស្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

លោកស្រីបានបន្តថា ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ថ្នាក់ខេត្ត (GBV) មានកិច្ចសហការល្អជាមួយស្ថាប័ន មន្ទីរវិស័យ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ក្រុមការងារ(GBV) ថ្នាក់ ក្រុង ស្រុក ទាំង១២ និងអង្គការដៃគូពាក់ព័ន្ធ ក្នុងការសម្របសម្របួលផ្តល់សេវាឆ្លើយតបដល់ជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័របានទាន់ពេលវេលា។

យោងតាមរបាយការណ៍ជាលទ្ធផល ក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្រុម ការងារ (GBV) ថ្នាក់ខេត្ត បានជួយអន្តរាគមន៍ដល់ស្ត្រី និងក្មេងស្រី ដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ សរុប៨៦ករណី ក្នុងនោះដែរ រំលោភសេពសន្ថវះលើ អនីតិជន ចំនួន ២៦ករណី និងរួមភេទជាមួយអនីតិជនយាយុក្រោម១៥ឆ្នាំ ០៨ករណី, ប្រទូស្តកេរខ្មាស ០១ករណី និងសញ្ចាកម្មទាក់ទងនឹងពេស្យាចារកុមារ ០១ករណី, រំលោភសេពសន្ថវលើអនីតិជន និងទិញពេស្យាចារកុមារ ០១ករណី និងអំពើហិង្សាក្នុងគ្រួសារ សរុប៤៩ករណី។

កិច្ចប្រជុំក៏បានពិភាក្សាទៅលើប្រតិទិននៃកិច្ចប្រជុំក្រុមការងារ (GBV) ខេត្តឆ្នាំ២០២៤ និងការកែសម្រួលសេចក្តីសម្រេចក្រុមការងារ (GBV) ខេត្ត និងទម្រង់របាយការណ៍សង្ខេបក្រុមការងារ (GBV) ខេត្តផង​ដែរ៕