(ភ្នំពេញ)៖ ក្រៅពីអនុញ្ញាតឱ្យសិស្សដែលប្រឡងជាប់និទ្ទេស A និងក្រុមគ្រួសារឡើងមករាជធានីភ្នំពេញដើម្បីជួប នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពេលនេះ ក៏បានសម្រេចឱ្យនាយកវិទ្យាល័យ ដែលមានសិស្សជាប់និទ្ទេស A ឡើងមកជួបសម្តេចជាមួយគ្នាផងដែរ។

នៅលើទំព័រ Facebook នៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញអំពីគម្រោងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ ដែលនឹងធ្វើឡើងនៅវិមានសន្តិភាព។ សម្តេចបានបញ្ជាក់ថា រាល់ការចំណាយសម្រាប់នាំសិស្សនិទ្ទេស A ក្រុមគ្រួសារ និងនាយកសាលាមកជួបសម្តេច នាពេលនេះ ទាំងការស្នាក់នៅ និងការធ្វើដំណើរ គឺជាការទទួលខុសត្រូវ របស់ក្រសួងអប់រំ និងអាជ្ញាធរថ្នាក់រាជធានី- ខេត្ត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សូមក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអភិបាលរាជធានី ខេត្ត ក្រុងទាំងអស់ ដែលមានសិស្សប្រឡងជាប់និទ្ទេស(A) គឺសូមរៀបចំឱ្យបានល្អ និងធានាសុវត្ថិភាពសម្រាប់ការធ្វើដំណើរ និងការស្នាក់នៅរបស់សិស្សានុសិស្ស និងអាណាព្យាបាល ជាពិសេសសិស្សមកពីខេត្ត»

ក្នុងនាមប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះសិស្សដែលប្រឡងជាប់ទាំងអស់នៅទូទាំងប្រទេសផងដែរ។ ជាមួយគ្នានេះ សម្តេចបានសំដែងការសោកស្តាយ ចំពោះសិស្សដែលប្រឡងមិនជាប់ ហើយសង្ឃឹមថាសិស្សទាំងនោះ នឹងប្រឹងរៀនដើម្បីប្រឡងនៅឆ្នាំក្រោយទៀត។

សូមបញ្ជាក់ថា ឆ្នាំ២០១៦នេះ កម្ពុជាមានសិស្សានុសិស្ស ៦២.១៨ភាគរយ ក្នុងចំណោមបេក្ខជនដែលមានវត្តមានជាង ៨សែននាក់ បានប្រឡងជាប់បាក់ឌុប ក្នុងនោះមានសិស្សឆ្នើម ៤០៥នាក់ ទទួលបាននិទ្ទេស A ៕