(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៤ នៅឯសាលាក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ពិធីនេះបានធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាសមាជិក្រុមប្រឹក្សាខេត្ត,ប្រធានមន្ទីរ អង្គភាពនានា ជុំវិញខេត្ត, កងកម្លាំងទាំងបី, តំណាងអង្គការ, តំណាងគណបក្សនយោបាយ, គណៈអភិបាល មន្រ្តីរាជការក្រុងបាត់ដំបង, ក្រុមប្រឹក្សាសង្កាត់ទាំង១០ នៃក្រុងទាំងអស់ចូលរួមផងដែរ។

នាឱកាសនោះលោក សុខ លូ បានលើកឡើងថា ពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៤ គឺយោងតាមអនុលោមតាមមាត្រា៦២ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខត្ត ក្រុង ស្រុក ខណ្ឌ ដែលបានកំណត់។

ទន្ទឹមនឹងនោះ លោកបានការអបអរសាទរ និងកោតសរសើរសមាជិក សមាជិកា ក្រុមប្រឹក្សាក្រុងបាត់ដំបង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតជ្រើសរើស ជាសមាជិកក្រុមប្រឹក្សា ក្រុងបាត់ដំបង អាណណត្តិទី៤ ដើម្បីបន្តដឹកនាំក្រុងបាត់ដំបង សំដៅចូលរួមថែរក្សាសុខសន្ដិភាព ស្ថេរភាព និងបន្តអភិវឌ្ឍឱ្យាមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

លោកបានបន្តថា បើទោះបីជាសមាជិក សមាជិកា ក្រុមប្រឹក្សា ដែលជាប់ឆ្នោត មានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ក៏ប៉ុន្ដែ តាមគោលការច្បាប់រៀបចំអង្គបោះឆ្នោត បានកំណត់ថា «ក្រុមប្រឹក្សា» គឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនទាំងមូល លើសពីនេះទោះបីជាក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្ដី ក៏ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕