(បន្ទាយមានជ័យ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ អាណត្តិទី៤ នៅសាលប្រជុំ រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ។

ថ្លែងទៅកាន់អង្គពិធី លោក ឌិត ទីណា បានសម្ដែងសេចក្តីសោមនស្សរីករាយ និងអបអរសាទរដល់ក្រុមប្រឹក្សាចំនួន២៥រូប ដែលត្រូវប្រកាសចូលកាន់តំណែង។ ជាមួយគ្នានេះលោក ឌិត ទីណា បានគូសបញ្ជាក់អំពីគោលដៅរួមគ្នា ក្នុងការផ្តល់សេវាសាធារណៈ ធានាសន្តិសុខសុវត្ថិភាព លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ។

បើតាមលោក ឌិត ទីណា ដើម្បីសម្រេចការងារបានស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវសហការល្អ ធ្វើការជាមួយគ្នា ប្រកបដោយទទួលខុសត្រូវខ្ពស់ និងមានភាពម្ចាស់ការ។

លោក ឌិត ទីណា បានផ្ដល់អនុសាសន៍ ដល់ក្រុមប្រឹក្សាត្រូវធ្វើការជាមួយអភិបាលខេត្តថ្មី ឲ្យបានជិតស្និទ្ធទាន់ពេល ត្រូវមានរបបប្រជុំតាមការកំណត់ និងត្រូវបំពេញកាតព្វកិច្ច ស្របតាមនីតិវិធីច្បាប់ជាធរមាន។

លើសពីនេះទៀត លោក ឌិត ទីណា បានបញ្ជាក់បន្ថែមថា ក្រុមប្រឹក្សាខេត្តត្រូវប្រជុំរៀបចំផែនការអភិវឌ្ឍខេត្ត ដាក់ចេញកម្មវិធីកំណែទម្រង់នានា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ពិនិត្យការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ឲ្យកាន់តែខិតជិត និងកាន់តែប្រសើរ ព្រមទាំងធានាគ្រប់គ្រងសន្តិសុខសុវត្ថិភាពមូលដ្ឋាន និងចុះមូលដ្ឋានផ្ទាល់ ដើម្បីដឹងពីសុខទុក្ខ និងដោះស្រាយបញ្ហាជូនពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕