(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពីធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា នាថ្ងៃទី១ ខែមុថិនា ឆ្នាំ២០២៤កន្លងទៅ, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានប្រសាសន៍ថា «ការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ជាភារកិច្ចរួមរបស់ពលរដ្ឋកម្ពុជាគ្រប់រូប»

ជាការឆ្លើយតប, គិតត្រឹមម៉ោង១១៖៣០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ, សប្បុរសជនពីគ្រប់ទិសទីប្រមាណជាង ១៣ម៉ឺន ៨ពាន់នាក់ បានចូលរួមបរិច្ចាគជាបន្តបន្ទាប់ ក្នុងយុទ្ធនាការកៀរគរថវិកាបរិច្ចាគប្រចាំឆ្នាំមួយដ៏សំខាន់មួយនេះ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយទទួលបានថិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារចំនួនប្រមាណ ១លាន ៣៩ម៉ឺនដុល្លារ។

ស្របពេលជាមួយគ្នានេះ, គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងក្រុមហ៊ុន-សហគ្រាសសំខាន់ៗ ក៏បាន និងកំពុងរៀបចំចលនាកៀរគរការបរិច្ចាគ ដើម្បីចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

សូមរំលឹកជូនថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ នេះ មានរយៈពេលពេញ ១ខែ គឺពីថ្ងៃទី១ ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៤។

ក្នុងន័យនេះ, សប្បុរសជនដែលមានបំណងចូលរួមនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា សូមជួយផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះតាមបណ្ដាញសង្គមរៀងៗខ្លួន និងចូលរួមបរិច្ចាគតាមរយៈការស្កែន QR Code ឬតាមរយៈលេខគណនី ដូចមានក្នុងរូបខាងក្រោម៕